លែងឲ្យរង់ចាំទៀត! Ford Everest ឆ្នាំ២០២៣ ចេញជាផ្លូវការ

[REVIEW+] កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត SUV ខ្នាតកណ្តាលរបស់ខ្លួននោះគឺរថយន្ត Ford Everest ឆ្នាំ២០២៣ ជាមួយការផ្លាស់ប្តូរនូវរូបរាងថ្មី និងការអភិវឌ្ឍន៍បច្ចេកវិទ្យាកាន់តែប្រសើរ។

ការរចនាផ្នែកខាងក្រៅ៖ សម្រាប់រូបរាងនៃការរចនាផ្នែកខាងក្រៅនៃរថយន្ត សឹងតែក្រុមការងារពុំចាំបាច់ធ្វើការរៀបរាប់ច្រើននោះឡើយ ដោយបងប្អូនឃើញជាក់ស្តែង SUV សេរ៊ីថ្មីនេះបានធ្វើការផ្លាស់ប្តូរ ថ្មីទាំងស្រុងចាប់ពីផ្នែកខាងមុខ ដល់ផ្នែកខាងក្រោយ ដោយផ្នែកខាងមុខនៃរថយន្តបានបំពាក់ជាមួយចង្រ្កៀងមុខប្រភេទ Matrix LED ឌីស្សាញបែប C-Clamp និងថាសកង់ពណ៌ខ្មៅទំហំ ២១អ៊ីញ រួមបន្ទះការពារម៉ាស៊ីនផ្នែកខាងក្រោម, ទំពក់អូសសណ្តោងខាងមុខ ភ្ជាប់ដោយមុខងារចំនួនពីរ និងស្តុបក្រោយឌីស្សាញថ្មីរាងជាឆ្នូតៗ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូឌែលថ្មីនេះទទួលបាននូវការបង្កើនប្រវែងនៃគម្លាតកង់វែងជាងម៉ូឌែលមុនចំនួន ៥០មម និងការធ្វើអោយប្រសើឡើងនៃប្រព័ន្ធប៊ូម សម្រាប់ជួយបង្កើនលំនឹង និងផ្តល់នូវផាកសុកភាពនៅពេលបើកបរលើផ្លូវលំបាក Off-road។ លើសពីនេះរថយន្តនេះក៏មានសម្ថភាពក្នុងចុះទឹកបានដល់ជម្រៅ ៨០០មម និងដំបូលអាចផ្ទុកឥវ៉ាន់បានរហូតដល់ទម្ងន់ ៣៥០គីឡូក្រាម។

គ្រឿងបរិក្ខាផ្នែកខាងក្នុង៖ ក្រៅពីបានឌីស្សាញថ្មីទៅលើផ្នែកខាងក្រៅ ផ្នែកខាងក្នុងនៃរថយន្តក៏ទទួលបានការធ្វើអោយប្រសើរដូចគ្នាផងដែរ ជាមួយចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតគឺ អេក្រង់កម្សាន្តបញ្ឈរទំហំរហូតដល់ ១២អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយ SYNC 4A រួមជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញនៅលើម៉ូឌែល Ambiente, Trend និង Sport និងទំហំដល់ ១២,៤អ៊ីញ នៅលើម៉ូឌែល Platinum, កាំម៉េរា ៣៦០ដឺក្រ និងភ្លើងលម្អខាងក្នុង។

បន្ថែមពីនេះ ម៉ូឌែលកប់បំផុត Platinum ក៏ភ្ជាប់មកជាមួយនូវកន្លែងសាកថ្មឥតខ្សែរ និងកៅអីភ្ជាប់ដោយមុខងារក្តៅ-ត្រជាក់, កំណត់ការចងចាំ និងបញ្ជាបានចំនួន ១០ទិសដៅ រួមទាំងដៃចង្កូតភ្ជាប់ដោយមុខងារកម្តៅ និងកៅអីជួរទី២ អាចបត់ជាលក្ខណៈ ៦០/៤០ និងជួរទី៣ ៥០/៥០ផងដែរ។

ប្រព័ន្ធសុវត្ថិភាព៖ បើក្រឡេកទៅកាន់ផ្នែកខាងប្រព័ន្ធសុវត្ថិភាពនៃរថយន្ត រថយន្តនេះបានបំពាក់ជាមួយប្រព័ន្ធសុវត្ថភាពស្តង់ដារ ដោយរួមមានពោងសុវត្ថិភាពប្រហែលចំនួន ៩ដោយរួមបញ្ជូលនូវពោងសុត្ថិភាពនៅកណ្តាលរវាងអ្នកបើកបរ និងអ្នករួមដំណើរ។ លើសពីនេះ ម៉ូឌែលឆ្នាំ២០២៣នេះ ក៏បានភ្ជាប់មកថ្មីជាមួយមុខងារ Reverse brake assist, Pre-collision assist with intersection functionality និង Blind-spot information system with trailer coverage ផងដែរ។

ជម្រើសម៉ូឌែល និងម៉ាស៊ីន៖ រថយន្ត Ford Everest ឆ្នាំ២០២៣ ទទួលបាននូវជម្រើសចំនួន ៤ប្រភេទគឺ Ambiente, Trend, Sport និង Platinum។ ព្រមទាំងជម្រើសម៉ាស៊ីនចំនួន ២ប្រភេទគឺ ម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ Bi-turbo ទំហំ ៤ស៊ីឡាំង និងជម្រើសម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ Turbo-diesel V6 ដោយម៉ាស៊ីនទាំងពីរជម្រើសនេះ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។

បន្ថែមពីនេះរថយន្តបានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោប៉ុងផ្នែកខាងក្រោយ និងជម្រើសនៃការបើកបររួមមាន៖ Normal, Eco, Tow Haul, Slippery, Mud/Ruts, Sand ខណៈ Off-road Mode ដែលមានលើម៉ូឌែលប្រភេទ Trend, Sport, និង Platinum។

ការចេញលក់ និងតម្លៃ៖ ជាក់ស្តែងសម្រាប់ការបង្ហាញខ្លួននាថ្ងៃនេះ រថយន្ត Ford Everest ឆ្នាំ២០២៣ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនូវតាមបណ្តាលទីផ្សារមួយចំនួននាពេលខាងមុខ ជាមួយការបង្ហាញចេញនូវតម្លៃផ្លូវការ ថាមពលម៉ាស៊ីន​ និងព័ត៌មានលម្អិតមួយចំនួនបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម