ឡានអគ្គិសនីធូរថ្លៃជាងគេបំផុតរបស់ Mercedes បង្ហាញវត្តមានជាផ្លូវការហើយ!

Mercedes បានបង្ហាញចេញជាផ្លូវការនូវរថយន្ត EQA ដែលជារថយន្តអគ្គិសនីមានទំហំតូចជាងគេរបស់ម៉ាករថយន្តអាល្លឺម៉ង់មួយនេះ ហើយក៏ជារថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃជាងគេផងដែរ។

រថយន្តដែលផលិតដោយផ្អែកលើរថយន្ត Mercedes GLA មួយនេះបានចេញលក់ជាមួយប្រភេទ EQA 250 ដែលមានប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៨៧សេះ​ ដោយទទួលបានថាមពលពីអាគុយដែលមានទំហំផ្ទុក ៦៦,៥គីឡូវ៉ាត់ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes មិនទាន់បានបង្ហាញអំពីរយៈចម្ងាយបើកបរជាក់លាក់របស់រថយន្តនេះនៅឡើយទេ ប៉ុន្តែបានផ្ដល់ការប៉ាន់ស្មានថាវាអាចបើកបរបានចម្ងាយប្រមាណ ៤២៦គីឡូម៉ែត្រពេលសាកភ្លើងពេញ។

Mercedes បាននិយាយថានឹងបន្ថែមនូវប្រភេទជាច្រើនទៀតនៃរថយន្ត EQA នេះ​​ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងផលិតនូវប្រភេទដែលប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ និងវិលកង់ទាំងអស់, ប្រភេទដែលអាចផលិតកម្លាំងបាន ២៦៨សេះ​ និងរួមទាំងប្រភេទពិសេសដែលអាចជិះបានចម្ងាយដល់ជាង ៣០០គីឡូម៉ែត្រផងដែរ។

ការលក់រថយន្ត Mercedes EQA 250 នេះនឹងចាប់ផ្ដើមពីទីផ្សារអឺរ៉ុបមុនគេនៅអំឡុងដើមឆ្នាំ ២០២១ នេះ​ ដោយនៅប្រទេសអាល្លឺម៉ង់វានឹងមានតម្លៃចាប់ពីប្រមាណ ៤៦ ៧០០ដុល្លារឡើងទៅ​ ដែលតម្លៃនេះបានគិតបញ្ចូលទាំងប្រាក់ជំនួយពីរដ្ឋាភិបាលសម្រាប់រថយន្តអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម