[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda Motor និង Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានប្រកាសថា ពួកគេនឹងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផ្លាស្ទិកសម្រាប់កែច្នៃឡើងវិញ ដើម្បីគោរពតាមបទប្បញ្ញត្តិថ្មីរបស់អឺរ៉ុប និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងប្រទេសខ្លួនផ្ទាល់។
នៅក្នុងឆ្នាំ២០២៣ កន្លងទៅ គណៈកម្មការអឺរ៉ុបធ្លាប់បាននិយាយថា យ៉ាងហោចណាស់មានតួលេខ ២៥ ភាគរយ នៃផ្លាស្ទិកចាស់ដែលប្រើប្រាស់រួចនឹងត្រូវបានកែច្នៃឡើងវិញសម្រាប់ផលិតរថយន្តថ្មី។ សម្រាប់បទប្បញ្ញត្តិនេះ នឹងចូលជាធរមានពេញលេញនៅដើមឆ្នាំ២០៣១ ដោយបង្កើននូវទិដ្ឋភាពសម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់ដែលចែកចាយរថយន្តរបស់ខ្លួននៅក្នុុុងតំបន់អឺរ៉ុប សម្រាប់ក្រុនហ៊ុនដែលមិនអនុលោមតាមច្បាប់នេះនឹងត្រូវបានហាមឃាត់មិនឱ្យចែកចាយរថយន្តរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុបឡើយ។
សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសជប៉ុនផ្ទាល់ មានការពិបាកក្នុងការកែច្នៃផ្លាស្ទិកឡើងវិញ ដោយសារដំណើរការចំណាយពេលច្រើនក្នុងការតម្រៀបបំណែកផ្លាស្ទិកទាំងនោះ ហើយជាទូទៅ ផ្លាស្ទិកដែលកែច្នៃឡើងវិញគឺមានតម្លៃថ្លៃជាងផ្លាស្ទិកធម្មតាចំនួន ៣ ដង ដែលធ្វើឲក្រុមហ៊ុនមួយចំនួនមិនអាចសម្របខ្លួនទទួលយកបាន។ បើតាមទិន្នន័យរបស់វិទ្យាស្ថានគ្រប់គ្រងកាកសំណល់ផ្លាស្ទិកដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ផ្លាស្ទិកទាំងអស់ដែលត្រូវបានកែច្នៃទៅជាផ្លាស្ទិកថ្មីដែលអាចប្រើប្រាស់បានគឺមានត្រឹមតែ ៣ ភាគរយតែប៉ុណ្ណោះ។ គួរឲដឹងផងថា ផ្លាស្ទិកគឺជាសម្ភារៈសំខាន់មួយក្នុងការផលិតរថយន្ត ដែលប្រើសម្រាប់ផលិតកាង គ្រឿងបន្លាស់ខាងក្នុង និងផ្នែកផ្សេងៗទៀត។
គួរបញ្ជាក់ផងថា ក្រុមហ៊ុន Toyota Motor បានកំណត់គោលដៅកែច្នៃផ្លាស្ទិកឡើងវិញចំនួន ៣០ ភាគរយ នៃផ្លាស្ទិកទាំងអស់ដែលខ្លួនបានប្រើក្នុងផលិតរថយន្តនៅត្រឹមឆ្នាំ២០៣០ ខណៈក្រុមហ៊ុន Honda មានគោលបំណងសហការណ៏ជាមួយក្រុមហ៊ុនផលិតសារធាតុគីមី និងក្រុមហ៊ុនកែច្នៃឡើងវិញ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់កែច្នៃផ្លាស្ទិកឡើងវិញនៅត្រឹមឆ្នាំ២០៤០។ ក្រៅពីក្រុមហ៊ុន Honda និងក្រុមហ៊ុន Toyota ក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មរថយន្តដូចជា Nissan, Renault, Mercedes-Benz និង BMW ក៏នឹងចាប់ផ្តើមបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់កែច្នៃផ្លាស្ទិកឡើងវិញផងដែរ។ ផែនការនេះ បានអំពាវនាវឱ្យមានការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងការផលិតរថយន្តពីចំនួនដ៏ច្រើនពោលគឺពី ៦០ ភាគរយ មកត្រឹម ៦ ឬ ៧ ភាគរយ ប៉ុណ្ណោះ។
ចំពោះរដ្ឋាភិបាលរបស់ប្រទេសជប៉ុនផ្ទាល់បានប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះយ៉ាងខ្លាំងដោយប្រកាសថាខ្លួននឹងបើកដំណើរការអង្គភាពសាធារណៈ និងឯកជននៅដើមខែកញ្ញានេះ ដោយមានក្រសួងបរិស្ថានដើរតួជាអ្នកសម្របសម្រួលហើយរំពឹងថានឹងមានអង្គការចំនួន ១០ ឬច្រើនជាងនេះចូលរួម ហើយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលក្នុងនោះក្រុមហ៊ុន Toyota វិទ្យាស្ថានគ្រប់គ្រងកាកសំណល់ផ្លាស្ទិក និងក្រុមហ៊ុន Honda ជាសមាជិក។
បើតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ MarketsandMarkets ដែលមានមូលដ្ឋាននៅឥណ្ឌា បានបង្ហាញថាទីផ្សារកែច្នៃសម្ភារៈរថយន្ត រួមទាំងផ្លាស្ទិកនឹងកើនឡើងប្រហែល ៦០ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយវានឹងមានតម្លៃប្រហែល ៣,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៧៕