កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បានបញ្ចេញរថយន្ត Sedan ដ៏ពេញនិយមរបស់ខ្លួន គឺ ម៉ូដែល Sonata ស៊េរីឆ្នាំ ២០២០ ដែលទទួលបានការរចនាថ្មីសន្លាង ទាំងផ្នែកខាងក្រៅ និងខាងក្នុង។
Sonata ស៊េរីថ្មី ប្រើប្រាស់គំរូរចនា Sensuous Sportiness របស់ក្រុមហ៊ុន Hyundai ដំបូងបង្អស់ ដែលពាំនាំការរចនាពីគំរូរថយន្តម៉ូដែល Le Fil Rouge ដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធី Geneva Motor Show កាលពីឆ្នាំ ២០១៨។
រថយន្ត Sedan នេះ មានកម្ពស់ទាបជាងមុន ១,១ អ៊ីញ និង ទទឹងរីកធំជាងមុន ០,៩ អ៊ីញ ដែលមើលទៅពិតជាមានភាពស្ព័រ និងទាក់ទាញជាងម៉ូដែលមុនៗខ្លាំងតែម្តង។ មិនតែប៉ុណ្ណោះ វាក៏បានពង្រីកប្រវែងពីកង់មុខទៅកង់ក្រោយ ១,៣ អ៊ីញ និង មានប្រវែងសរុបវែងជាងមុន ១,៧ អ៊ីញផងដែរ។
រឹតតែពិសេស អំពូល Daytime Running Lights ផ្នែកខាងមុខរបស់ Sonata គឺជាប្រភេទ Hidden Lighting Lamps ដែលយកពីគំរូម៉ូដែល HDC-2 ទៀតផង។ បើនិយាយពីផ្នែកខាងក្នុងវិញ ត្រូវបានរចនា និងរៀបចំយ៉ាងប្រណីត ផ្តល់នូវផាសុកភាពខ្ពស់ចំពោះអ្នកប្រើប្រាស់។
Sonata ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Naturally Aspirated ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩១ សេះ សម្រាប់ម៉ូដែល SE និង SEL ។ ដោយឡែក ម៉ូដែល SEL Plus និង Limited វិញ ប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៨០ សេះ ។ ពួកវាប្រើប្រអប់លេខអូតូ ៨ វគ្គ ហើយមានតម្លៃចន្លោះពី ២២ ៥០០ ដុល្លារ និង ៣២ ១០០ ដុល្លារ៕