Ford Ranger Raptor ស៊េរីថ្មីសម្រាប់ទីផ្សារអាមេរិក នឹងប្រើម៉ាស៊ីន V6 កម្លាំង ៣២៥សេះ

រថយន្ត Ranger Raptor គឺ​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Ford ទោះ​បី​ជា​វា​មាន​លក់​នៅ​លើ​ទីផ្សារ​មិន​ច្រើន​​ក្ដី។ មាន​ការ​លេច​ឮ​ថា​ Ford នឹង​ដាក់​លក់​រថយន្ត​ Ranger Raptor ជំនាន់​ថ្មី​នៅ​លើ​ទីផ្សារ​កាន់​តែ​ច្រើន​ជាង​មុន ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ដែល​ជា​ទីផ្សារ​ធំ​មួយ​ផង​ដែរ។

​ពេល​នេះ​គេ​បាន​ដឹង​​ទៀត​ថា​ Ranger Raptor ជំនាន់​ថ្មី​សម្រាប់​លក់​នៅ​អាមេរិក នឹង​មាន​បំពាក់​ម៉ាស៊ីន​សាំង EcoBoost V6 កម្លាំង​ខ្លាំង។ ​Ranger Raptor សម្រាប់​អាមេរិក​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន ២,៧លីត្រ EcoBoost V6 ដែល​អាច​ផលិត​កម្លាំង​បាន ៣២៥សេះ ហើយ​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ Ranger Raptor ដែល​មាន​​លក់​លើ​ទីផ្សារ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ Twin-Turbocharged ៤ស៊ីឡាំង ចំណុះ ២,០លីត្រ ដែល​មាន​កម្លាំង ២១០សេះ។ ម៉ាស៊ីន​នេះ​អាច​នឹង​បន្ត​ប្រើ​លើ​ Ranger Raptor ជំនាន់​ថ្មី ប៉ុន្តែ​វា​អាច​នឹង​អម​មក​ជា​មួយ​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដែល​មាន​ចំណុះ ៣,០លីត្រ ជា​ប្រភេទ​ម៉ាស៊ូត មាន ៦ស៊ីឡាំង Turbocharged ដែល​ផលិត​កម្លាំង​បាន ២៥៥សេះ។ ម៉ាស៊ីន​ពីរ​នេះ​អាច​នឹង​មាន​លក់​លើ​ទីផ្សារ​អូស្ត្រាលី និង​ប្រទេស​អាស៊ី​មួយ​ចំនួន ប៉ុន្តែ​មិន​សម្រាប់​អាមេរិក​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម