ក្រុមហ៊ុន Toyota បានប្រកាសតម្លៃនៃរថយន្ត Land Cruiser ស៊េរីឆ្នាំ២០២១ ជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៨៥ ៥១៥ដុល្លារ សម្រាប់ប្រភេទ Base Model។
ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរខួបលើកទី៦០ នៃរថយន្ត Land Cruiser ក្រុមហ៊ុនជប៉ុនខាងលើក៏បានបញ្ចេញម៉ូដែលពិសេសមួយ គឺ Land Cruiser Heritage Edition ដែលនឹងមានតម្លៃចាប់ពី ៨៧ ៨៤៥ដុល្លារ។
Land Cruiser Heritage Edition មានតុបតែងខ្លួនបែបរថយន្តសម្រាប់ Off-road ជាមួយយ៉ាន់ BBS ទំហំ ១៨អ៊ីញ, ជម្រើសពណ៌ថ្នាំថ្មី, ឡូហ្គូបែបបុរាណ, តុបតែងជាមួយពណ៌ខ្មៅ និងថ្នេរដេរពណ៌ទង់ដែង ជាដើម។ ជម្រើសពណ៌ថ្នាំថ្មីមានដូចជា Classic Silver Metallic និង Magnetic Gray Metallic ក៏ដូចជា Midnight Black Metallic និង Blizzard Pearl ផងដែរ។
Heritage Edition ក៏នឹងមានលក់ជាប្រភេទកៅអី ៣ជួរដែរ មិនដូចស៊េរីឆ្នាំ២០២០ ដែលមានតែជម្រើសប្រភេទកៅអី ២ជួរនោះទេ។ វានៅតែបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៨១សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គដដែល៕