ដំណឹងថ្មីមួយចេញពីវិបសាយជប៉ុន Mag-X បានអះអាងថា Toyota បានរំសាយចោលការអភិវឌ្ឍន៍ម៉ាស៊ីន V8 របស់ខ្លួន ដែលមានន័យថារថយន្ត Lexus LC F ដែលគ្រប់គ្នាទន្ទឹងរង់ចាំមកជាយូរនោះទេ អាចនឹងមិនមានបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង ដូចគេរំពឹងទុកនោះឡើយ។
ដោយសារតែរងផលប៉ះពាល់ពីជំងឺកូវីដ១៩មិនខុសគ្នាពីក្រុមហ៊ុនរថយន្តដទៃនោះ ទើប Toyota បានផ្លាស់ប្ដូរគោលដៅរបស់ខ្លួន ដោយផ្ដោតលើការអភិវឌ្ឍន៍ម៉ាស៊ីន Tubocharged ៦ស៊ីឡាំង និងម៉ាស៊ីន Hybrid ជាជាងផ្ដោតលើម៉ាស៊ីន V8។
វិបសាយ Mag-X មិនបានផ្ដល់ដំណឹងលម្អិតបន្ថែមពីលើដំណឹងរំសាយចោលការអភិវឌ្ឍន៍នោះទេ។ ប្រសិនពិតមែន មានន័យថាម៉ាស៊ីន Twin-Turbocharged V8 ដែល Toyota បានអភិវឌ្ឍន៍សម្រាប់រថយន្ត Lexus LC ប្រភេទប្រណាំង ដើម្បីយកចូលរួមក្នុងកម្មវិធី 24 Hours of Nurburgring នាឆ្នាំនេះ ត្រូវរំសាយចោលហើយ៕