រថយន្តស្ព័រខ្នាតតូច មិនសូវលក់ដាច់ប៉ុន្មានឡើយ ហើយរថយន្តប្រភេទនេះតែងធ្លាក់ចុះការចាប់អារម្មណ៍ជារឿយៗ។ ដោយសារតែហេតុនេះហើយទើបក្រុមហ៊ុន Mercedes-Benz សម្រេចចិត្តថានឹងឈប់ផលិតម៉ូដែល SLC ក្រោយស៊េរីឆ្នាំ ២០២០។
SLC ស៊េរីចុងក្រោយនេះ នឹងមានចំនួន ២ ម៉ូដែល គឺ SLC300 Final Edition និង SLC 43 AMG Final Edition សម្រាប់ស៊េរីឆ្នាំ ២០២០ ដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនេះតែម្តង។
SLC300 Final Edition នឹងមានលក្ខណៈពិសេស ដូចជា ការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅរលើបរលោង, ស្លាក SLC Final Edition, យ៉ាន់អាលុយមីញ៉ូម ប្រភេទ AMG ទំហំ ១៨ អ៊ីញ ពណ៌ខ្មៅរលោង, ផ្នែកខាងក្នុងបំពាក់ទៅដោយស្បែកពណ៌ខ្មៅលាយទឹកប្រាក់ ជាមួយថ្នេរដេរពណ៌ប្រផេះ។ សម្រាប់ពណ៌នៃរថយន្តនេះមានតែមួយជម្រើសប៉ុណ្ណោះ គឺ ពណ៌ប្រផេះ Selenite Grey។
ចំណែកឯ SLC 43 AMG Final Edition វិញ ក៏មានលក្ខណៈពិសេសស្រដៀងគ្នាដែរ គឺ ការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅរលើបរលោង, ស្លាក SLC Final Edition, យ៉ាន់អាលុយមីញ៉ូម ប្រភេទ AMG ទំហំ ១៨ អ៊ីញ ពណ៌ខ្មៅរលោង, ផ្នែកខាងក្នុងបំពាក់ទៅដោយស្បែកពណ៌ខ្មៅលាយទឹកប្រាក់ និងដៃចង្កូតប្រភេទ AMG។ អ្នកអាចបែកចែកម៉ូដែលទាំង ២ ខាងលើនេះបានយ៉ាងងាយស្រួល ព្រោះ SLC 43 AMG Final Edition នឹងមានតែជម្រើសពណ៌លឿង (Sun Yellow) ប៉ុណ្ណោះ៕