កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសប្រមូលរថយន្ត Bronco Sport ស៊េរីឆ្នាំ ២០២១ នៅសហរដ្ឋអាមេរិក ឲ្យវិលចូលមករោងចក្រវិញ ជុំវិញបញ្ហាមួយដែលពាក់ព័ន្ធទៅនឹងប៊ូឡុង។
យោងតាមព័ត៌មានដែលបានចេញផ្សាយ ដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ បានបញ្ជាក់ថា រថយន្តប្រភេទ SUV ខ្នាតតូចនេះ មានមួយចំនួនបានបាត់ ឬរលុងប៊ូឡុងបូមក្រោយ។
រថយន្តដែលរងផលប៉ះពាល់ត្រូវបានគេផលិតនៅរោងចក្រ Hermosillo Stamping និងរោងចក្រដំឡើងក្នុងប្រទេសម៉ិចស៊ីកូ ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបញ្ហានេះអាចប៉ះពាល់ដល់ស្ថេរភាពរបស់រថយន្ត។ ម៉្យាងវិញទៀត ក្រុមហ៊ុន Ford បានលើកឡើងថា បញ្ហានេះអាចឲ្យរថយន្តថយចុះសមត្ថភាពការពារ ពេលមានការប៉ះទង្គិចផ្នែកខាងក្រោយ ជាមួយនឹងការកើនឡើងហានិភ័យនៃការរងរបួសចំពោះអ្នកដំណើរ ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បានដំណឹងណាមួយអំពីអំពីគ្រោះថ្នាក់ ឬការរងរបួស ដែលទាក់ទងនឹងបញ្ហាដែលមានលើរថយន្តចំនួន ១ ៦៤០ គ្រឿងនៅសហរដ្ឋអាមេរិក, ២៤ គ្រឿងនៅកាណាដា និង ២ គ្រឿងនៅម៉ិចស៊ីកូ នេះឡើយ៕