មានការបង្ហោះចែកចាញ រូបភាពជាច្រើនសន្លឹកនៃវត្តមានរបស់រថយន្ត ភីកអាប់ដ៏ទំនើប EXY Yachting ដែលទើបតែមកដល់ប្រទេសកម្ពុជា។ រថយន្ត EXY Yacting នេះផលិតឡើងដោយក្រុមហ៊ុន CARLEX DESIGN ដែលជាអ្នកជំនាញផលិតរថយន្តកែច្នៃ លើប្រភេទពិសេស មានចំនួនកំណត់។ បើតាមប្រភពដើម រថយន្ត EXY Yacting ផលិតឡើងដោយយករថយន្ត Mercedes-Benz x-class មកកែច្នៃ និងផលិតត្រឹម ១០០គ្រឿងតែប៉ុណ្ណោះ។ ផ្អែកលើរូបរាងដែលបានបង្ហាញ និងគេហទំព័រផ្លូវការ ក្រុមការងាររបស់ ខេមបូអូតូ សូមលើកលក្ខណ:ពិសេសៗមួយចំនួន ដែលបានបំពាក់លើរថយន្តនេះមកបង្ហាញជូនដល់បងប្អូនទាំងអស់គ្នា។
រថយន្ត EXY Yachting គឺជារថយន្តប្រភេទ Limited Edition ដែលផលិតឡើងសម្រាប់អ្នកចូលចិត្តភាពប្រណីត ដែលវាជាការរួមបញ្ចូលគ្នារវាងរថយន្តប្រភេទដឹក ដោយការរចនា ឌីស្សាញដ៏ល្អឥតខ្ចោះ។ សម្រាប់រូបរាងខាងក្រៅនៃរថយន្តនេះ បានបំពាក់ជាមួយឧបករណ៍ដែលភាគច្រើនផលិតឡើងពីកាបូន ដូចជា៖ ប៉ាណាខាងមុខ អមដោយឡូហ្គូ Mercedes, កាងមុខ-ក្រោយ ប្រភេទកាបូន, ប្រព័ន្ធរន្ធបញ្ចេញខ្យល់ខាងមុខ ប្រភេទកាបូន, Bonnet Lip, ស៊ុមចង្កៀងមុខ-ក្រោយ ប្រភេទកាបូន, គម្រប់ភក់មុខ-ក្រោយ ប្រភេទកាបូន, Spoiler និងកាង ផ្នែកខាងក្រោយ ព្រមទាំងបានបំពាក់ជាមួយ ឈ្នាន់ជាន់ប្រភេទអេឡិចត្រូនិច,ថាសកង់ទំហំ ២០អ៊ីញ (ថាសកង់រថយន្ត Mercedes-Maybach S650 Coupé) និងសម្បកកង់ប្រភេទ Michelin ផងដែរ។
រីឯផ្នែកខាងក្នុងកាប៊ីននៃរថយន្ត បានបំពាក់ជាមួយវត្ថុធាតុដើមដ៏ទំនើបៗ ដែលស្រោបដោយឈើប្រភេទ Alcantara ឬ Exotic និងស្បែកល្អបំផុត Nappa Porzenllan ស្រោបទៅលើ កៅអី, ចង្កឹះលេខ, តាប្លូ, ទ្វាទាំងសងខាង , កម្រាលជើង, Headliner និងដៃចង្កូតជាដើម។
បើនិយាយពីតម្លៃពីរោងចក្រ ប្រហែលជាង ៩៦ ០០០ដុល្លារអាមេរិចទៅហើយ (តម្លៃពីប្រទេស ប្រទេសប៉ូឡូញ ដែលជាទីស្នាក់ការកណ្តាលរបស់ Carlex Design) សម្រាប់តម្លៃមកដល់កម្ពុជាពេលគិតពន្ធ និងការដឹកជញ្ជូនផ្សេងរួច មិនដឹងថាមានតម្លៃប៉ុន្មាននោះទេ៕