រថយន្ត Acura TLX Type S ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពី ៥២ ៣០០ដុល្លារ នៅពេលចេញលក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ខណៈតម្លៃនេះគឺថោកជាងគូប្រជែង BMW M340i, Audi S4 និង Mercedes C43 AMG ទៀតផង។
TLX Type S ខុសប្លែកពីម៉ូដែល TLX ធម្មតាដូចជា ប៉ាណាមុខ, រន្ធបឺតខ្យល់ធំជាងមុន, កាងកាត់ខ្យល់មុខ និងក្រោយ, យ៉ាន់ ២០អ៊ីញ, កៅអីស្ព័រស្បែក Milano អាចសារ៉េបាន ១៦បែប មានមុខងារកម្តៅ និងបញ្ចេញខ្យល់ត្រជាក់ និង ដៃចង្កូតរាងអក្សរ D ជាដើម។
ក្រៅពីនោះ វាក៏មានបំពាក់បាស ១៧គ្រាប់, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting និងអេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បាន។
Acura TLX Type S គឺជារថយន្ត Sedan ប្រភេទ High Performance ដែលមានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំងដល់ ៣៥៥សេះ។ វាប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ Super Handling All-Wheel Drive ជាមួយបច្ចេកវិទ្យា Torque Vectoring។
រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថា រថយន្ត Acura TLX Type S នឹងត្រូវផលិតមានចំនួនកំណត់ គឺត្រឹមតែ ២ ០០០គ្រឿងប៉ុណ្ណោះ សម្រាប់ស៊េរីឆ្នាំ២០២១៕