Subaru Forester ឆ្នាំ២០២២ បង្ហាញមុខមាត់ថ្មី រឹតតែកាច

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត SUV ម៉ូដែល Forester ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលទទួលបានការអាប់ដេតមុខមាត់ថ្មីផងដែរ។

Subaru Forester ឆ្នាំ២០២២ មានបំពាក់ចង្កៀងមុខ និងប៉ាណាមុខថ្មី ព្រមទាំងយ៉ាន់កង់ថ្មីផងដែរ មើលទៅរឹតតែកាច និងទាក់ទាញ។ សម្រាប់ទីផ្សារប្រទេសជប៉ុន រថយន្ត Forester នឹងផ្តល់ជម្រើសពណ៌ថ្មី ដូចជា Cascade Green Silica, Autumn Green Metallic និង Brilliant Bronze Metallic ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru អះអាងថា Forester ក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោមដែរ ដោយជួយឲ្យវាកាន់តែប្រសើរសម្រាប់ការបើកបរ និងកម្រិតផាសុកភាព។ មិនតែប៉ុណ្ណោះបច្ចេកវិទ្យា EyeSight ជំនាន់ថ្មី ក៏ត្រូវបានអាប់ដេតឲ្យប្រសើរជាងមុនទៀតផង។

សម្រាប់ទីផ្សារប្រទេសជប៉ុន Forester ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ e-Boxer ដោយមានជំនួយពីម៉ូទ័រអគ្គិសនី និងមុខងារ E-Active Shift Control ព្រមទាំងម៉ាស៊ីនចំណុះ ១,៨លីត្រ turbocharged ទំហំ ៤ស៊ីឡាំងផងដែរ។ ដោយឡែក សម្រាប់ទីផ្សារសហរដ្ឋអាមេរិកវិញ នឹងនៅតែបន្តប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨២សេះ ដដែល។

រថយន្ត Subaru Forester នឹងចេញលក់នៅខែសីហា ឆ្នាំ២០២១ នៅក្នុងប្រទេសជប៉ុន ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម