ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិននៅតែមានសញ្ញារីកច្រើនខ្លាំង ដោយក្រុមហ៊ុនរថយន្តអគ្គិសនីដូចជា Nio និង XPeng សុទ្ធតែបានរាយការណ៍អំពីកំណត់ត្រាលក់ថ្មីប្រចាំខែមិថុនា និងកំណត់ត្រាលក់ប្រចាំត្រីមាសទីពីរនៃឆ្នាំ២០២១នេះផងដែរ។
ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ក្រុមហ៊ុន Nio បាននិយាយថាខ្លួនលក់រថយន្តបាន ៨ ០៨៣គ្រឿងនៅខែមិថុនា ដែលកើនឡើង ១១៦,១% ធៀបនឹងខែមិថុនាឆ្នាំមុន ហើយក៏កើនឡើង ២០% ផងដែរបើធៀបនឹងខែឧសភា។ គិតក្នុងត្រីមាសទីពីរ ក្រុមហ៊ុននេះអាចលក់រថយន្តបានសរុប ២១ ៨៩៦គ្រឿង ដែលមានកំណើន ១១១,៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកក្រុមហ៊ុន XPeng ឯណោះវិញ ត្បិតថាលក់រថយន្តមិនបានច្រើនដូចជា Nio ប៉ុន្តែការលក់ក៏មានកំណើនខ្លាំងណាស់ដែរ។ ក្រុមហ៊ុន XPeng និយាយថាខ្លួនអាចលក់រថយន្តបាន ៦ ៥៦៥គ្រឿងក្នុងខែមិថុនា ដែលមានកំណើនរហូតដល់ ៦១៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២០ និងមានកំណើន ១៥% ធៀបនឹងខែឧសភា។
ចំនួនលក់ប្រចាំត្រីមាសទីពីររបស់ XPeng គឺមានសរុប ១៧ ៣៩៨គ្រឿង ដែលមានកំណើនចំនួន ៤៣៩% ធៀបនឹងត្រីមាសទីពីរឆ្នាំ២០២០៕