អត្ថប្រយោជន៍នៃការផ្លាស់ប្តូរតម្រងខ្យល់ (មានវីដេអូ)

[​ចំណេះដឹងយានយន្ត] ជាធម្មតាបងប្អូនអ្នកប្រើប្រាស់រថយន្តភាគច្រើនមិនសូវចាប់អារម្មណ៍ចំពោះតម្រងខ្យល់នោះទេ ប៉ុន្តែធាតុពិតការផ្លាស់ប្តូរតម្រងខ្យល់ទៀងទាត់មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះម៉ាស៊ីនរថយន្តរបស់យើងទាំងអស់គ្នា ថ្ងៃនេះក្រុមការងារ Cambo Auto សូមលើកយកនូវអត្ថប្រយោជន៍នៃការផ្លាស់ប្តូរតម្រងខ្យល់ មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង៖

ចំណុចទី១ បន្ថែមអាយុកាលម៉ាស៊ីន៖ ការផ្លាស់ប្តូរតម្រងខ្យល់ទៀងទាត់អាចជួយបង្កើនអាយុកាលម៉ាស៊ីនឲ្យប្រើប្រាស់បានយូរអង្វែង ដោយសារតម្រងខ្យល់ត្រូវបានផលិតឡើងដើម្បីច្រោះយក កំទេចដី និងសារធាតុកខ្វក់ ដែលអាចចូលមកបំផ្លាញផ្នែកផ្សេងៗនៃគ្រឿងម៉ាស៊ីនដូចជា ស៊ីឡាំង និងពីស្តុងជាដើម។

ចំណុចទី២ កាត់បន្ថយការកកស្ទះប្រព័ន្ធបញ្ចេញផ្សែង៖ តម្រងខ្យល់កកស្ទះអាចរារាំងលំហូរខ្យល់ចូលទៅកាន់ម៉ាស៊ីនដែលជាហេតុធ្វើឲ្យប្រព័ន្ធបញ្ចេញផ្សែងដំណើរការមិនបានត្រឹមត្រូវ ហើយថែម ទាំងបង្កបញ្ហាដល់ប៊ូហ្ស៊ីដែលនាំឲ្យសមត្ថភាពបើកបរចុះខ្សោយ។ យ៉ាងណាមិញប្រសិនបើលំហូរខ្យល់ចូលទៅម៉ាស៊ីនងាយស្រួលវានឹងធ្វើឲ្យម៉ាស៊ីនដំណើរការបានល្អ កាត់បន្ថយការ ស៊ីសាំង និងកាត់បន្ថយភាពរអាក់រអួលនៃប្រព័ន្ធបញ្ចេញផ្សែងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចទី៣ កាត់បន្ថយការស៊ីសាំង៖ តាមរយៈការសិក្សាបង្ហាញថាការផ្លាស់ប្តូរតម្រងកខ្វក់ចេញទៀងទាត់អាចជួយកាត់បន្ថយការស៊ីសាំងចំពោះរថយន្តថ្មី និងចាស់ ចំនួន ១៤ភាគរយ ពីព្រោះដីកខ្វក់នៅក្នុងតម្រងខ្យល់ធ្វើឲ្យរអាក់រអួលដល់ថាមពលបើកបរ។ជាក់ស្តែងតម្រងខ្យល់កខ្វក់បានកាត់បន្ថយថាមពលបង្កើនល្បឿនពី ៦ ទៅ ១១ ភាគរយចំពោះរថយន្តថ្មី។ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកប្រើប្រាស់រថយន្តគ្រប់រូបគួរតែសម្អាតតម្រងខ្យល់ញឹកញាប់ដើម្បីឲ្យលំហូរខ្យល់ចូលទៅក្នុងម៉ាស៊ីនដំណើរការបានស្រួលជួយបង្កើនថាមពលខ្លាំងក្លា និងកាត់បន្ថយការស៊ីសាំង។

ចំណុចទី៤ ចំណាយតិច៖ តម្រងខ្យល់ងាយស្រួលផ្លាស់ប្តូរនិងមានតម្លៃធូរថ្លៃ។ ចំពោះតម្រងខ្យល់គួរតែផ្លាស់ប្តូរនៅរៀងរាល់ពេលបើកបរបានចម្ងាយពី១៩ ០០០គីឡូម៉ែត្រ ទៅ២៤ ០០០គីឡូម៉ែត្រ ដោយអាស្រ័យទៅតាមស្ថានភាពប្រើប្រាស់។ជាពិសេសមុនពេលដល់កំណត់ផ្លាស់ប្តូរគួរសម្អាតតម្រងខ្យល់ឲ្យបានញឹកញាប់ទើបប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម