Bugatti Chiron កន្ទុយវែងអាចរត់ដល់ ៥១៥ គ.ម/ម៉ ប្រសិនបើកលើផ្លូវផ្សេងមួយទៀត

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​រថយន្ត Bugatti Chiron ដែល​មាន​កន្ទុយ​វែង​ជាង​ធម្មតា បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​រថយន្ត ​ក្រោយ​ពី​គេ​ដឹង​ថា​វា​អាច​រត់​បាន​ដល់​ល្បឿន ៤៩០ គ.ម/ម៉ ជា​ល្បឿន​លឿន​ដាច់​គេ​មួយ​សម្រាប់​រថយន្ត។

ពេល​នេះ Bugatti បាន​ចេញ​មុខ​​បក​ស្រាយ​ថា​រថយន្ត Chiron កន្ទុយ​វែង​នេះ អាច​រត់​ដល់​ល្បឿន​លឿន​ជាង​នេះ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ទីតាំង​ផង​ដែរ។ Bugatti សម្រេច​រើស​យក​ទីលាន Ehra-Lessien សម្រាប់​រត់​រថយន្ត​របស់​ខ្លួន ដោយ​ពួក​គេ​ជឿជាក់​ថា​វា​ជា​កន្លែង​សុវត្ថិភាព​មួយ​ក្នុង​លោក​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​ទីលាន​ខាង​លើ​មាន​កម្ពស់ ៥០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​នីវ៉ូ​ទឹក​សមុទ្រ។ ចំណែក​ឯ​ដង​ផ្លូវ​នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក ដែល​រថយន្ត​ Koenigsegg Agera RS បង្កើត​កំណត់​ត្រា​ជា​ច្រើន​សា​នោះ មាន​កម្ពស់ ១ ០៣៦ ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ។ Bugatti បាន​បង្ហាញ​ថា​ ​ផ្លូវ​​មាន​កម្ពស់​រឹត​តែ​ខ្ពស់ កម្រិត​​អូស​ទាញ​នៃ​ខ្យល់​មាន​កាន់​តែ​ទាប ដោយ​សារ​​ឡើង​កាន់​តែ​ខ្ពស់​សម្ពាធ​ខ្យល់ និង​ដង់ស៊ីតេ​ខ្យល់​មាន​កាន់​តែ​ទាប។

ក្រោយ​ការ​គិត​គូរ​មើល​ Bugatti ជឿជាក់​ថា​រថយន្ត Chiron កន្ទុយ​វែង​របស់​ខ្លួន អាច​បើកបរ​បាន​ល្បឿន​លឿន​ជាង​មុន ២៥ គ.ម/ម៉ ទៀត ដែល​​មាន​ន័យ​ថា Chiron ដែល​កែ​ប្រែ​ជា​ពិសេស​របស់​ Bugatti អាច​រត់​ដល់​ល្បឿន ៥១៥ គ.ម/ម៉។ យ៉ាងណាក្ដី​​​ផ្លូវ​នៅ Nevada មាន​​ចម្ងាយ​ឆ្ងាយ និង​បើកបរ​បាន​តែ​មួយ​ទិស​ ដូច​នេះ​ក្រុម​សង្គ្រោះ​បន្ទាន់​អាច​ប្រើ​ពេល​យូរ​ដើម្បី​ទៅ​ដល់​កន្លែង​មាន​គ្រោះ​ថ្នាក់។ ដោយ​គិត​គូរ​ករណី​នេះ​ទើប Bugatti មិន​រត់​នៅ Nevada ហើយ​មក​រត់​នៅ​ទីលាន​ Ehra-Lessien វិញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម