រថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានអាប់ដេតលើចំណុចដែលគេត្រូវការបំផុតមួយ។
ខណៈពេលដែលការឌីហ្សាញផ្នែកខាងក្រៅស្រដៀងនឹងស៊េរីមុន QX80 បានធ្វើឲ្យកាប៊ីនខាងក្នុងមានភាពទំនើបជាងមុន ហើយបំពាក់អេក្រង់កម្សាន្តថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលមានមុខងារផែនទី និងមុខងារប្រាប់ផ្លូវ ក៏ដូចជា Apple CarPlay និង Android Auto ផងដែរ។
មិនតែប៉ុណ្ណោះ QX80 ឆ្នាំ២០២២ ក៏បានបំពាក់ចង្កឹះលេខមានគុណភាពខ្ពស់ជាងមុន និងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែទៀតផង។ អ្វីដែលពិសេសនោះគឺ វាមានបំពាក់មុខងារកៅអីក្តៅត្រជាក់មកស្តង់ដារ នៅកៅអីជួរទី១ និងទី២ តែម្តង។ បន្ថែមពីលើកៅអីស្បែក វាក៏មានបំពាក់មុខងារ Intelligent Cruise Control និងប្រព័ន្ធសំឡេង Bose premium audio system ទៀតផង។
រថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ជាក់លាក់ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែវាទំនងជាមកដល់នៅចុងឆ្នាំនេះ៕