រថយន្ត Toyota Tundra សេរ៊ីឆ្នាំ ២០២២គឺកំពុងត្រៀមខ្លួនក្នុងការបង្ហាញរូបរាងនៃការអាប់ដេតថ្មីរបស់ខ្លួននារដូវស្លឹកឈើជ្រុះនេះ(ចន្លោះខែកញ្ញា ដល់ ខែធ្នូ)។ ដោយបន្ទាប់ពីក្រុមហ៊ុន Toyota បានបង្ហាញនូវរូបរាងរបស់ម៉ូឌែល TRD Pro កាលពីពេលកន្លងរួចមក ឥឡូវនេះក៏មានការបែកធ្លាយនូវរូបរាងនៃម៉ូឌែលប្រភេទធម្មតាម្តង។
រូបភាពនៃការបែកធ្លាយនេះ ត្រូវបានចែកចាយដោយបុរសម្នាក់ ដែលបង្ហាញអំពីរូបរាងនៃរថយន្តភីកអាប់នេះ កំពុងចតនៅចំណតរថយន្តដោយគ្មានការបិទបាំង។ ជាមួយរូបរាងដែលចែកចាយនេះយើងឃើញថា វាមានដូចរាងស្រដៀងគ្នាច្រើននឹងរូបភាព Render ជាពិសេសផ្នែកខាងមុខនៃរថយន្ត។
គួររំលឹកផងដែរថា សម្រាប់រថយន្ត Tundra សេរ៊ីថ្មីនេះ វាបានទទួលការអភិវឌ្ឍន៍ថ្មីទៅលើរូបរាងផ្នែកខាងក្រៅ ផ្នែកខាងក្នុង និងជាពិសេសប្រព័ន្ធជើងក្រោម ដោយប្រើប្រាស់បូមរ៉ឺស័រ និងបូម Fox ថ្មីដែលវានឹងជួយអោយកាន់តែ Smooth និងផាសុខភាពជាងមុន និងជម្រើសម៉ាស៊ីនថ្មី iForce MAX ដែលមានថាមពលជាងម៉ាស៊ីន ៥,៧លីត្រ V8 បច្ចុប្បន្នផងដែរ៕