ប្រសិនបើអ្នកត្រូវការភីកអាប់ដែលមានកម្លាំងខ្លាំងជាង RAM 1500 TRX ទៀតនោះ អ្នកអាចសម្លឹងមើល Hennessey Ram TRX Mammoth 1000 បាន។
វាគឺជាភីកអាប់ដែលកែកុនចេញពី RAM 1500 TRX ហើយមានកម្លាំងកាន់តែខ្លាំងទៅទៀត ដោយសារតែការបំពាក់ Supercharger ចំណុះ ២,៦៥លីត្រ, អាប់ដេតប្រព័ន្ធបាញ់ប្រេង និង ប្រព័ន្ធ high-flow induction system ដោយឥឡូវនេះអាចបង្កើតកម្លាំងបានសរុប ១ ០១២សេះ និងកម្លាំងរមួល ១ ៣១៣ញ៉ូតុនម៉ែត្រឯណោះ។
ក្រុមហ៊ុន Hennessey បានអះអាងថា ភីកអាប់នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៣,២វិនាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អតិថិជនអាចបំពាក់កញ្ចប់ “Stage 2 Off-road” ដែលមានបន្ថែមកាងមុខក្រោយ, ភ្លើង LED, ឈ្នាន់អូតូ និង សម្បកកង់ ៣៧អ៊ីញ ជាដើម។
គួរឲ្យដឹងថា Hennessey គ្រោងផលិតរថយន្តនេះត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ហើយឥឡូវនេះវាលក់ដាច់អស់ ១០០គ្រឿងបាត់ទៅហើយ។ ចំពោះតម្លៃវិញគឺចាប់ពី ១៥០ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕
សូមទស្សនាវីដេអូខាងក្រោម៖