គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុន Volvo អាចស្វែងរកចំណូលបានសរុបប្រមាណ ២២,២ពាន់លានដុល្លារ ដែលកើនឡើងជាង២ពាន់លានដុល្លារ បើប្រៀបនឹងចំណូលប្រមាណ ១៩,៦ពាន់លានដុល្លារ ដែលរកបានក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២០។
ក្នុងនោះដែរប្រាក់ចំណេញគឺមានប្រមាណ ១,៨៤ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៤០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក្ដីប្រាក់ចំណូលក្នុងត្រីមាសទីបីគឺបានធ្លាក់ចុះ ៧% ខណៈដែលប្រាក់ចំណេញបានថយចុះប្រមាណ ៥,៥% ដោយសារការលក់ធ្លាក់ចុះ ១៧% ធៀបនឹងខែត្រីមាសទីបីឆ្នាំមុន។
តួលេខប៉ាន់ស្មានសម្រាប់ខែវិច្ឆិកា Volvo អាចលក់ចេញរថយន្តបានប្រមាណ ៥២ ០០០គ្រឿង ដែលធ្លាក់ចុះធៀបនឹងខែវិច្ឆិកាឆ្នាំមុន ហើយវិបត្តិខ្វះខាតឈីបសកលគឺជាកត្តាដែលនាំឲ្យមានការធ្លាក់ចុះបែបនេះ។
គួរដឹងថារថយន្ត SUV នៅតែបន្តកាន់កាប់ចំណែកធំនៃចំនួនលក់សរុបរបស់ Volvo ដោយក្នុងនោះរថយន្ត XC60 លក់ដាច់ជាងគេ ជាមួយចំនួនលក់ ១៦២ ៦០០គ្រឿង គិតចាប់ពីខែមករា ដល់ខែកញ្ញា ខណៈដែលរថយន្ត XC40 អាចលក់ចេញបាន ១៤១ ៥០០គ្រឿង និងរថយន្ត XC90 លក់ចេញបាន ៨០ ៤០០គ្រឿង៕