ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis កំពុងតែត្រៀមខ្លួនរួច ដើម្បីបញ្ចេញរថយន្ត SUV អគ្គិសនីកម្រិត Flagship របស់ខ្លួន គឺ GV90។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបង្ហាញរូបភាពផ្លូវការណាមួយ ដែលបង្ហាញឲ្យឃើញពីរូបរាងនៃ Genesis GV90 ឡើយ ប៉ុន្តែរូបភាពបែប Render ខាងក្រោមនេះ បានធ្វើឲ្យយើងដឹងបានខ្លះៗថា វានឹងមានរូបរាងបែបណា។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ បានឲ្យដឹងថា រថយន្ត Genesis GV90 នឹងត្រូវផលិតលើគ្រោងឆ្អឹង Electric-Global Modular Platform (E-GMP) ដូចទៅនឹងរថយន្ត Hyundai Ioniq 5, Kia EV6 និង Genesis GV60 ដែរ។ យ៉ាងណាមិញ GV90 នឹងមានរូបរាងធំជាងម៉ូដែលទាំង ៣ ខាងលើខ្លាំង ហើយធំជាងម៉ូដែល Genesis GV80 ទៅទៀត។
គួរឲ្យដឹងថា រូបភាព Render នៃរថយន្ត Genesis GV90 ខាងលើ គឺទទួលបានការឌីហ្សាញកាត់តាម ម៉ូដែល Genesis G90 ច្រើន ដែលវាជាប្រភេទរថយន្ត Sedan ប្រណីតខ្នាតធំ។ យ៉ាងណាក៏ដោយ ចំពោះរូបរាងពិតរបស់វាយ៉ាងណា យើងមានតែរង់ចាំមើលនៅពេលក្រុមហ៊ុនខាងលើ ប្រកាសចេញជាផ្លូវការប៉ុណ្ណោះ៕