SUV កៅអី ៣ជួររបស់ Hyundai ចេញលក់នៅប្រទេសម៉ាឡេស៊ី ជាមួយតម្លៃជាង ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai-Sime Darby Motor (HSDM) បានធ្វើការប្រកាសសម្ភោធចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Palisade ក្នុងប្រទេសម៉ាឡេស៊ី ជាមួយជម្រើស ២ប្រភេទគឺ Exec និង Luxe។

សម្រាប់ទីផ្សារម៉ាឡេស៊ី រថយន្ត SUV កៅអី ៣ជួរនេះផ្តល់នូវជម្រើសកៅអី និងម៉ាស៊ីន ២ប្រភេទ។ ដោយមានជម្រើសប្រភេទ កៅអីចំនួន ៧ (២-២-៣) និងចំនួន ៨កៅអី (២-៣-៣)។ ព្រមទាំងជម្រើសម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ទំហំ ៤ស៊ីឡាំង CRDi Turbidiesel ផលិតកម្លាំងបាន ១៩៧សេះ និងកម្លាំងបង្វិល ៤៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសម៉ាស៊ីនសាំង ៣,៨លីត្រ Naturally-aspirated ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៩០សេះ និងកម្លាំងបង្វិល ៣៥៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះជម្រើសម៉ាស៊ីនម៉ាស៊ូតប្រភេទ ៨កៅអីមានតម្លៃចាប់ពី ៧៧ ៧៣២ដុល្លារ និង ៧កៅអី មានតម្លៃចាប់ពី ៨២ ៤៦០ដុល្លារ។ ចំណែកជម្រើសម៉ាស៊ីនសាំងប្រភេទ ៨កៅអីមានតម្លៃចាប់ពី ៨០ ០៩៦និង ៧កៅអី មានតម្លៃចាប់ពី ៨៤ ៨២៣ដុល្លារ។

សូមបញ្ជាក់ផងដែររថយន្តនេះមានប្រវែងសរុប ៤ ៩៨០មម, ទទឹង ១ ៩៧៥មម និងប្រវែងគម្លាតកង់ ២ ៩០០មម។ ក្រៅពីនេះ រថយន្តនេះបានបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED, កញ្ចក់សងខាងប្រភេទអេឡិចត្រូនិច, ដំបូល Sunroof នៅកៅអីជួរទី១ និងទី២, កៅអីអ្នកបើកបរភ្ជាប់ដោយមុខងារក្តៅត្រជាក់ និងបញ្ជាបាន ១២ទិសដៅ, កៅអីអ្នកអ្នកដំណើរភ្ជាប់ដោយមុខងារក្តៅត្រជាក់ និងបញ្ជាបាន ៨ទិសដៅ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ​ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតខ្សែ, អេក្រង់បាញ់លើកញ្ចក់ HUD, ម៉ាស៊ីនត្រជាក់ ៣តំបន់ និងប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរជាច្រើនបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម