ក្រុមហ៊ុន Daimler និងក្រុមហ៊ុន Mercedes-Benz កំពុងតែអបអរសាទរនឹងលទ្ធផលដ៏ល្អក្នុងឆ្នាំ២០២១នេះ ដោយក្រុមហ៊ុនបានសម្រេចផ្ដល់ប្រាក់រង្វាន់ជូនបុគ្គលិកពេញសិទ្ធិនៅប្រទេសអាល្លឺម៉ង់ ម្នាក់ៗទទួលបានចំនួនប្រមាណ ៦៧៧០ដុល្លារ។
ក្រុមហ៊ុន Daimler បានសម្រេចថានឹងផ្ដល់ជូនប្រាក់រង្វាន់ដល់បុគ្គលិកសរុបប្រមាណ ១០ម៉ឺននាក់ ដើម្បីបង្ហាញការលើកទឹកចិត្តចំពោះបុគ្គលិកដែលបានខិតខំធ្វើការនៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩រាតត្បាត និងអំឡុងពេលដែលជួបវិបត្តិខ្វះខាតឈីបផងដែរ។
ក្រុមហ៊ុន Daimler នៅមិនទាន់បានប្រកាសចេញលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ឲ្យដឹងជាមុនថាខ្លួនបានជួបប្រទះជោគជ័យដ៏ខ្លាំងក្លាបំផុតមួយនៅពេញមួយឆ្នាំ២០២១នេះ។
គួរដឹងថាក្រុមហ៊ុនអាល្លឺម៉ង់មួយនេះជាញឹកញាប់តែងផ្ដល់ប្រាក់រង្វាន់ដល់បុគ្គិលនៅអាល្លឺម៉ង់ ប៉ុន្តែមិនធ្លាប់ផ្ដល់ជូនច្រើនដូចឆ្នាំនេះ។ ដូចកាលពីឆ្នាំ២០២០ ក្រុមហ៊ុនបានចែកជូនប្រាក់រង្វាន់ពីផលចំណេញចំនួនប្រមាណ ៦៧៣ដុល្លារជូនដល់បុគ្គលិក និងប្រាក់រង្វាន់លើកទឹកចិត្តចំនួនម្ដងដែលមានចំនួនប្រមាណ ៥៦៤ដុល្លារផងដែរ៕