កាលពីឆ្នាំ២០២១គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ឧស្សាហកម្មយានយន្ត ដោយសារតែវីបត្តិខ្វះខាតឈីបសកល និងការបន្តរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។ ទោះយ៉ាងណាក្រុមហ៊ុន Bentley អាចសាងបានកំណត់ត្រាលក់ដ៏អស្ចារ្យមិនធ្លាប់មានកាលពីឆ្នាំ២០២១កន្លងទៅ។
នៅពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនអង់គ្លេសនេះអាចលក់រថយន្តបានចំនួន ១៤ ៦៥៩គ្រឿង ដែលមានកំណើន ៣១% ធៀបនឹងចំនួនលក់ ១១ ២០៦គ្រឿង កាលពីឆ្នាំ២០២០ ដែលឆ្នាំ២០២០ក៏ជាកំណត់ត្រាលក់ដ៏អស្ចារ្យមួយផងដែរ។
ត្បិតថាក្រុមហ៊ុនមិនបានប្រកាសតួលេខលក់សម្រាប់ម៉ូដែលនីមួយៗ ប៉ុន្តែបានបង្ហាញថារថយន្ត Bentayga SUV នៅតែជារថយន្តលក់ដាច់ខ្លាំងជាងគេ ហើយលក់ដាច់បានច្រើនជាងឆ្នាំ២០២០ថែមទៀត ដោយសារការបន្ថែមជម្រើសម៉ាស៊ីន Hybrid។ បន្ថែមពីនេះរថយន្ត Bentayga SUV មានចំណែក ៤០% នៃចំនួនលក់សរុបរបស់ Bentley។
អាមេរិកគឺជាទីផ្សារធំជាងគេរបស់ Bentley ដែលមានចំនួនលក់ ៤ ២១២គ្រឿង កើនឡើង ៣៩% ធៀបនឹង២០២០។ បន្ទាប់មកគឺប្រទេសចិនដែលមានចំនួនលក់ ៤ ០៣៣គ្រឿង កើនឡើង ៤០% ធៀបនឹងឆ្នាំកន្លងទៅ ខណៈដែលអឺរ៉ុបជាទីផ្សារធំទីបីមានចំនួនលក់ ២ ៥២០គ្រឿង៕