Toyota នឹងកាត់ចោលការផលិតប្រចាំខែកុម្ភៈ ១៥ម៉ឺនគ្រឿង ព្រោះវិបត្តិខ្វះឈីប

[ទីផ្សារបរទេស] វិបត្តិខ្វះខាតឈីបសឺមីកុងឌុចទ័រសកលនៅតែបន្តប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន Toyota បានសម្រេចចិត្តកាត់ចោលការផលិតប្រចាំខែកុម្ភៈ ចំនួន១៥ម៉ឺនគ្រឿង មកនៅសល់ត្រឹម ៧០ម៉ឺនគ្រឿង។

Toyota បានបញ្ជាក់ថាតម្រូវការលើរថយន្តខ្លួនគឺនៅតែមានខ្លាំងក្លា ហេតុនេះទើបខ្លួនចង់ផលិតឲ្យបានច្រើនគ្រឿងនៅក្នុងខែដែលមានរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប ធ្វើឲ្យការផលិតត្រូវកាត់បន្ថយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការកាត់បន្ថយនេះគេរំពឹងថាចំនួនផលិតប្រចាំឆ្នាំរបស់ Toyota ដែលចប់ត្រឹមខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នឹងមានទាបជាងការព្យាករណ៍ពីមុនដែលថាផលិតបាន ៩លានគ្រឿង។

Toyota និយាយថាខ្លួននឹងបន្តសិក្សាលើស្ថានភាពខ្វះខាតឈីប និងប្រឹក្សាជាមួយក្រុមហ៊ុនទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការផលិតរបស់ខ្លួន។ ក្រុមហ៊ុនក៏នឹងរក្សាការធ្វើការជាមួយដៃគូផ្គត់ផ្គង់ ដើម្បីពង្រឹងសង្វាក់ផលិតកម្ម និងបន្តដឹកជញ្ជូនរថយន្តជូនអតិថិជនតាមលឿនដែលអាចធ្វើទៅបាន។

Toyota បានបិទបញ្ចប់ការប្រកាសរបស់ខ្លួន ដោយបានសុំការអភ័យទោសពីសំណាក់អតិថិជន និងដៃគូផ្គត់ផ្គង់ សម្រាប់បញ្ហាមួយនេះ។ គួរដឹងថានៅខែកុម្ភៈខាងមុខនេះ រថយន្តដែលនឹងត្រូវប៉ះពាល់ជាងគេគឺរថយន្ត GR Yaris ជាមួយរថយន្ត Noah និង Voxy ដែលទើបតែប្រកាសចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម