យីហោឡាន Lincoln របស់ Ford នឹងលក់តែឡានអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ២០២៦

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford Motor Co កំពុងបង្កើនផែនការដើម្បីពង្រីកម៉ាកយីហោ Lincoln របស់ខ្លួននៅអាមេរិកខាងជើង ខណៈដែលវាកំពុងរៀបចំបញ្ចេញរថយន្ត SUV យីហោ Lincoln ដែលប្រើថាមពលអគ្គិសនីសុទ្ធថ្មី យ៉ាងហោចណាស់ ៥ ម៉ូដែល ត្រឹមឆ្នាំ ២០២៦។

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា រថយន្តអគ្គិសនីថ្មីរបស់ Lincoln នោះ នឹងជាអ្នកជំនួស ឬកែច្នៃម៉ូដែល Lincoln Corsair, Nautilus, Aviator និង Navigator។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្តក្នុងការផលិតរថយន្តអគ្គិសនីរបស់ Lincoln គឺជាធាតុសំខាន់នៃការវិនិយោគ ៣០ ពាន់លានដុល្លាររបស់ Ford ដែលបានគ្រោងទុកនៅក្នុងរថយន្ត និងអាគុយអគ្គិសនី រហូតដល់ឆ្នាំ ២០៣០។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Ford បានប្រកាសពីគំនិតផ្តួចផ្តើមវិនិយោគទុនចំនួន ៣០ ពាន់លានដុល្លារនេះ កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ។

ក្រុមហ៊ុនផលិតរថយន្តខាងលើបាននិយាយថា ខ្លួននឹងមានសមត្ថភាពក្នុងការផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំ យ៉ាងហោចណាស់ ៦០០ ០០០ គ្រឿងនៅទូទាំងពិភពលោក ក្នុងរយៈពេល ២៤ ខែ នៅពេលដែលវាមានបំណងក្លាយជា “ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលេខ ២ នៅអាមេរិកខាងជើង” ដោយស្ថិតនៅពីក្រោយក្រុមហ៊ុន Tesla៕

ប្រភព ៖ CNA

ផ្ទាំងផ្សាយពាណិជ្ជកម្ម