[ទីផ្សារបរទេស] ថ្មីៗនេះ រថយន្ត SUV អគ្គីសនី BMW iX M60 បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Chicago Auto Show ដែលវាមានសមត្ថភាពអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។
យ៉ាងណាមិញ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ បូកផ្សំនឹងភាពប្រណីត និងទំនើបរបស់វាទៀត រថយន្ត BMW iX M60 នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១០៥ ១០០ដុល្លារ នៅពេលវាចេញលក់ជាផ្លូវការ នាខែមិថុនា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត BMW iX M60 មានបំពាក់យ៉ាន់កង់ទំហំ ២១ អ៊ីញ ប្រភេទ Aero Bi-color Wheels ឬទំហំ ២២ អ៊ីញ និងកញ្ចប់ខាងក្រៅប្រភេទ BMW Individual Titanium Bronze។ វាប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ ដែលមានកម្លាំងរួមគ្នារហូតដល់ ៦១០ សេះ។
លើសពីនេះទៅទៀត iX M60 ស៊េរីថ្មី រួមបញ្ចូលកម្លាំងរមួលពី ១ ០១៥ ញូតុនម៉ែត្រ ដល់ ១ ១០០ ញូតុនម៉ែត្រ នៅពេលប្រើប្រាស់មុខងារ Launch Control ហើយមានល្បឿនលឿនបំផុត ២៥០ គីឡូម៉ែត្រ/ម៉ោង។ កញ្ចប់អាគុយមានទំហំ ១០៦,៣ គីឡូវ៉ាត់ម៉ោង ផ្តល់នូវចម្ងាយបើកបរដល់ទៅ ៤៥០ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
សម្រាប់ប្រព័ន្ធជើងក្រោមរបស់វារួមមាន Double-wishbone នៅប៉ុងខាងមុខ និងប៉ុងខាងក្រោយ រួមជាមួយ Adaptive dual-axle air suspension បន្ថែមជាមួយ Adjustable Dampers ដែលអាចលៃតម្រូវតាមអេឡិចត្រូនិក និងការគ្រប់គ្រងកម្រិតដោយស្វ័យប្រវត្តិ។ វាត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Integral Active Steering និង M Sport Brakes ដែលជួយបង្កើនថាមពលនៃការបើកបរផងដែរ៕