ទីភ្នាក់ងាររដ្ឋបាល Taxi & Limousine Commission របស់សហរដ្ឋអាមេរិក បានយល់ព្រមចំពោះសំណើដាក់ឱ្យរថយន្តអគ្គិសនី Tesla Model 3 ជារថយន្តតាក់ស៊ីនៅក្នុងទីក្រុង New York។
ជាការពិតណាស់ Tesla Model 3 ជារថយន្តអគ្គិសនីដំបូងគេបង្អស់ ដែលទទួលបានការយល់ព្រមខាងលើ ហើយបានចូលរួមជាមួយរថយន្តប្រភេទ Eco-Friendly ដទៃទៀតដូចជា Chevrolet Malibu Hybrid, Chrysler Pacifica Hybrid, Ford Fusion Hybrid, Hyundai Sonata Hybrid, Lincoln MKZ និង Lexus RX 450h ជាដើម។
ខណៈ Tesla Model 3 ទើបតែបានការអនុញ្ញាតឱ្យក្លាយជាតាក់ស៊ីនៅក្នុងទីក្រុង New York វាត្រូវបានប្រើប្រាស់ដឹកភ្ញៀវជាយូរនៅកន្លែងផ្សេង ដូចជា ប្រទេសហូឡង់ តាំងពីឆ្នាំ២០១៧ ហើយក្នុងឆ្នាំដដែលនោះ ឌុយបៃ បានបង្ហាញគម្រោងប្រើតាក់ស៊ី Tesla ចំនួន ២០០គ្រឿងទៀតផង។
សូមបញ្ជាក់ថា រថយន្ត Tesla Model 3 អាចបើកបរបានចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង អាស្រ័យលើម៉ូដែលរបស់វា ហើយមានតម្លៃចាប់ពី ៣៥ ០០០ដុល្លារនៅសហរដ្ឋអាមេរិក៕