[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និង General Motors បានធ្វើការប្រកាសអំពីភាពជាដៃគូម្តងទៀតសម្រាប់ការដាក់បង្ហាញរថយន្តថ្មីនៅអាមេរិកខាងជើងរហូតដល់ឆ្នាំ ២០២៧ នៅលើបច្ចេកវិទ្យាគ្រោងឆ្អឹង Ultium Battery Technology Platform របស់ GM ។ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ថាពួកគេនឹងផលិតរថយន្តអគ្គិសនីនាពេលខាងមុខនេះជាប្រភេទរថយន្តតូចប្រភេទ Crossover រាប់លានគ្រឿង ក្រោមគ្រោងឆ្អឹង Ultium Battery Platform។
ជាមួយគ្នានេះ Mary Barra ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន GM បាននិយាយ“ក្រុមហ៊ុន GM និង Honda នឹងចែករំលែកបច្ចេកវិទ្យា ការរចនា និងយុទ្ធសាស្ត្រផលិត ដើម្បីផ្តល់នៅរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនៅលើពិភពលោក។ នេះរួមបញ្ចូលទាំងទីផ្សារសំខាន់ៗរបស់យើងនៅអាមេរិកខាងជើង អាមេរិកខាងត្បូង និងចិន។
ក្រុមហ៊ុនផលិតរថយន្តក៏នឹងបន្តពិភាក្សាអំពសហការបច្ចេកវិទ្យាអាគុយ ដើម្បីជំរុញតម្លៃរបស់ពួកគេឲ្យសមរម្យ។ ក្រុមហ៊ុនទាំងពីរកំពុងធ្វើការលើអាគុយ solid-state batteries ដែលត្រូវបានកំណត់ថាជាការវិវត្តន៍បន្ទាប់នៃបច្ចេកវិទ្យារថយន្តអគ្គិសនីដែលនឹងអនុញ្ញាតឲ្យមានការកែលម្អសំខាន់ៗនៅក្នុងចម្ងាយនៃការបើកបរ ទម្ងន់ និងនិរន្តរភាព។
ក្នុងនោះ លោក Toshihiro Mibe ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយថា “ក្រុមហ៊ុន Honda ប្តេជ្ញាសម្រេចគោលដៅរបស់យើងនៃអព្យាក្រឹតភាពកាបូននៅលើមូលដ្ឋានសកលលោកនៅឆ្នាំ ២០៥០ ដែលទាមទារឲ្យមានការបញ្ចុះថ្លៃរថយន្តអគ្គិសនី ដើម្បីធ្វើឲ្យរថយន្តអគ្គិសនិអាចកើតមានសម្រាប់អតិថិជនច្រើនបំផុត” ។
Honda and @GM plan to expand the two companies’ relationship by codeveloping a series of affordable #EVs based on new global architecture using next-gen Ultium battery cells. Together they will enable global production of millions of EVs starting in 2027.https://t.co/8iMCdj8VUW pic.twitter.com/KLnChHau7d
— Honda (@Honda) April 5, 2022
គួរឲ្យដឹងថា ក្រុមហ៊ុន GM និង Honda បានធ្វើការរួមគ្នាលើរថយន្តអគ្គិសនីតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ជាមួយគ្នានេះ ពួកគេកំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិដោយ Honda Prologue នឹងត្រូវបានភ្ជាប់ជាមួយរថយន្ត Acura ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើបច្ចេកវិទ្យា GM ៕