[ទីផ្សារបរទេស] Tesla បានដំឡើងថ្លៃរថយន្ត Model 3 ប្រភេទ Long Range និង Performance ដែលលក់នៅលើទីផ្សារសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត ក្រោយពីបានដំឡើងថ្លៃរួចម្ដងកាលពីខែមុននេះ។
កាលពីខែមុន Model 3 Long Range បានឡើងថ្លៃ ២៥០០ដុល្លារ ខណៈដែល Model 3 Long Performance បានឡើងថ្លៃ ៣០០០ដុល្លារ។ ដោយឡែកនៅសប្ដាហ៍នេះរថយន្ត Model 3 Long Range បានឡើងថ្លៃ ១៥០០ដុល្លារ បន្ថែមទៀត ឯរថយន្ត Model 3 Long Performance ក៏បានឡើងថ្លៃ ១០០០ដុល្លារ ផងដែរ។
រំលឹកថាកាលពីត្រីមាសទីបួន នៃឆ្នាំ២០២១ Model 3 Long Range បានដាក់លក់ក្នុងតម្លៃ ៤៩ ៩៩០ដុល្លារ ខណៈដែល Model 3 Long Performance ដាក់លក់តម្លៃ ៥៧ ៩៩០ដុល្លារ។ ក្រោយឆ្លងកាត់ការឡើងថ្លៃជាច្រើនលើក ពេលនេះតម្លៃរបស់ Long Range បានដាក់លក់ចាប់ពី ៥៥ ៩៩០ដុល្លារ និង Performance បានដាក់លក់តម្លៃ ៦២ ៩៩០ដុល្លារ ដែលមានន័យថាពួកវាបានឡើងថ្លៃ ១២% និង ៨,៦% គិតចាប់ពីត្រីមាសទី៤មក។
លោក Elon Musk ធ្លាប់បានបកស្រាយថាដើមហេតុនៃការឡើងថ្លៃនេះគឺដោយសារតែបញ្ហានៃសង្វាក់ផ្គត់ផ្គង់ដែលបានដាក់ជាសម្ពាធដ៏ធំមួយដល់ឧស្សាហកម្មរថយន្តទាំងមូល ដែលនេះមានន័យថាមិនមែនជាបញ្ហារបស់ Tesla តែមួយនោះទេ៕