ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តអគ្គិសនី Ioniq 5 ឆ្នាំ២០២៣ ថ្មី ដែលទទួលបានការអាប់ដេតជាច្រើន សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដោយក្នុងនោះរួមមានទាំងទំហំអាគុយធំជាងមុនផងដែរ។
Hyundai Ioniq 5 ឆ្នាំ២០២៣ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ធំជាងទំហំ ៧២,៦គីឡូវ៉ាត់ម៉ោង លើស៊េរីចាស់។ ក្រុមហ៊ុន Hyundai ថា អាគុយនេះជួយឲ្យ Ioniq 5 មានចម្ងាយបើកបរសរុបដល់ ៣១៥ម៉ាយ៍ ឬ ៥០៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
ជាមួយគ្នានេះដែរ Hyundai ក៏បានរៀបចំប្រព័ន្ធបញ្ចុះកម្តៅអាគុយ (battery heater and conditioning system) ថ្មីមកស្តង់ដារតែម្តង។ វាជួយឲ្យអាគុយរបស់ Ioniq 5 ទទួលបានសីតុណ្ហភាពដ៏ល្អមួយខណៈពេលធ្វើដំណើរ ហើយថែមទាំងជួយឲ្យដំណើរការសាកភ្លើងកាន់តែប្រសើរ មិនថាស្ថិតនៅក្នុងអាកាសធាតុត្រជាក់ ឬក្តៅនោះទេ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការបន្ថែមម៉ូដែលខ្ពស់បំផុតថ្មី ហៅថា Namsan Edition ដែលត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៧ ៣៧៥ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និងអាចឡើងដល់ ៧១ ៨៣០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។
ក្រៅពីនោះមានដូចជា Ioniq 5 Ultimate តម្លៃចាប់ពី ៦១ ៦៤៥ដុល្លារ និង ៦៦ ១០០ដុល្លារ, Ioniq 5 Premium តម្លៃចាប់ពី ៥៧ ៨២០ដុល្លារ និង ៦២ ២៨០ដុល្លារ និងចុងក្រោយគឺ Ioniq 5 SE Connect RWD មានតែជម្រើសប៉ុងមួយប៉ុណ្ណោះ ហើយមានតម្លៃ ៥០ ១៨០ដុល្លារ៕