Roewe បញ្ចេញតម្លៃលក់ជាផ្លូវការជាមុននៃរថយន្តអគ្គិសនី Roewe iMAX8 ដោយមានតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Roewe បានប្រកាសតម្លៃជាផ្លូវការជាមុននៃរថយន្តអគ្គិសនី Roewe iMAX8 EV ដោយមានតម្លៃចាប់ផ្តើមពី ៤២ ៣៦៩ ដុល្លារ ដល់ ៤៩ ៩៤០ ដុំល្លារ ក្នុងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត MPV ដ៏ប្រណិត Roewe iMAX8  ត្រូវបានរចនាឡើងវិញ ដោយប៉ាណាមុខរចនាជាមួយបំណែកត្បូងពេជ្រខ្មៅចំនួន ៦៦គ្រាប់, ចង្កៀងមុខប្រភេទ LED Matrix ដែលមានរន្ធខ្យល់ធំនៅខាងក្រោមដំបូលពណ៌ខ្មៅជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Roewe iMAX8  ភ្ជាប់មកជាមួយផ្ទៃខាងក្នុងដ៏ប្រណិត និងបានរចនាជាមួយពណ៌ស-ត្នោត ហើយការតុបតែងគ្រាប់ឈើនៅលើកុងសូលខាងមុខ និងបន្ទះទ្វារ កន្លែងអង្គុយដែលត្រូវបានរចនាឡើងយ៉ាងពិសេស និងមានបំពាក់ជាមួយអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១២,៣ អ៊ីញ និងកុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Roewe iMAX8  ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលផលិតកម្លាំងបាន ២៤១ សេះ កម្លាំងរមួល ៣៥០ ញូតុនម៉ែត្រ អាចបើករបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿន ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ រថយន្តនេះក៏បានបំពាក់ដោយប្រព័ន្ធចង្កូតកម្រិតខ្ពស់ BD-EPS ប្រព័ន្ធ Venus Intelligent ប្រព័ន្ធទាំងមូលមានពោងសុវត្ថិភាពចំនួន ៦ រ៉ាដារលក ៣ ម.ម កាំមេរ៉ាចំនួន ៦ និងរ៉ាដា ultrasonic ចំនួន ១២  រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ AI Pilot ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម