ក្រុមហ៊ុន Lucid បានប្រកាសថា ខ្លួននឹងដំឡើងថ្លៃរថយន្តរបស់ខ្លួនចាប់ពីខែមិថុនា ពីព្រោះ “ពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង” ចាប់តាំងពីតម្លៃត្រូវបានបង្ហាញដំបូងមក។ នេះបើតាមសម្តីនាយកប្រតិបត្តិ លោក Peter Rawlinson។
គិតត្រឹមថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ ការកក់រថយន្ត Lucid ថ្មីនឹងមានតម្លៃចាប់ពី ៨៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Air Pure, ១០៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Air Touring និង ១៥៤ ០០០ដុល្លារ សម្រាប់ម៉ូដែល Air Grand Touring។
ដោយឡែកចំពោះតម្លៃនៃម៉ូដែល Lucid Air Grand Touring Performance នឹងនៅតែមិនផ្លាស់ប្តូរ ពោលគឺនៅ ១៧៩ ០០០ដុល្លារដដែល។
បើប្រៀបធៀបទៅ វាគឺជាការកើនឡើងគួរឲ្យកត់សម្គាល់ពីតម្លៃបច្ចុប្បន្នរបស់ Lucid ដែលចាប់ផ្តើមពី ៧៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Air Pure, ៩៥ ០០០ដុល្លារ សម្រាប់ម៉ូដែល Air Touring និង ១៣៩ ០០០ដុល្លារ សម្រាប់ម៉ូដែល Air Grand Touring ។
គួរឲ្យដឹងដែរថា តាមរយៈតម្លៃថ្មីខាងលើ ការកើនឡើងស្មើនឹង ១០ ០០០ ដុល្លារ សម្រាប់ម៉ូដែល Air Pure, ១២ ៤០០ ដុល្លារ សម្រាប់ម៉ូដែល Air Touring និង ១៥ ០០០ ដុល្លារ សម្រាប់ម៉ូដែល Air Grand Touring៕