[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Honda នៅម៉ាឡេស៊ី បានប្រកាសចេញលក់នូវម៉ូតូចង្កះលេខ RS-X Repsol Edition ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងដូចទៅគ្នានឹង Winner X ។
ម៉ូតូ Honda RS-X នឹងមានបំពាក់ជាមួយម៉ាស៊ីនសាំង DOHC 4-valve ចំណុះ ១៤៩សេសេ ប្រើប្រាស់ប្រព័ន្ធស្អំប្រេង cooled radiator ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៣,៦ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ចង្កះលេខ ៥ វគ្គ។ ខណៈដែលម៉ូតូចង្កះលេខ Honda RS-X មានទម្ងាន់ប្រហែល ១២២ គីទ្បូក្រាម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៤,៥ លីត្រ។
Honda RS-X រចនាទ្បើងរូបរាងមកស្រដៀងគ្នានឹង Winner X ដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LED និងអ្វីកាន់តែពិសេសនោះគឺប្រព័ន្ធហ្វាំ្រង ABS កម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុន Honda ។ ដោយទ្បែកចំពោះម៉ូតូ Honda RS-X ប្រើប្រាស់យ៉ាន់កង់ទំហំមុខ-ក្រោយ ១៧ អ៊ីញ ផងដែរ។
យ៉ាងណាមិញចំពោះ Honda RS-X Repsol Edition ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២ ២៧៧ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី៕