ត្រៀមៗ! លេចដំណឹងថា Lexus IS F ថ្មី នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ

Lexus IS គឺជាឱកាសចុងក្រោយមួយសម្រាប់ក្រុមហ៊ុន Lexus ក្នុងការកាន់កាប់ទីផ្សាររថយន្ត Sedan បែបស្ព័រ។

បើយោងតាមពាក្យចចាមអារ៉ាមពីគេហទំព័រជប៉ុនមួយ បានអះអាងថា ក្រុមហ៊ុន Lexus កំពុងធ្វើការលើរថយន្ត IS F ដែលនឹងធ្វើឲ្យដំណើរការលើម៉ូដែល Lexus IS500 កាន់តែខ្លាំងថែមមួយកម្រិតទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងដែរថា Lexus បានបញ្ចេញរថយន្ត IS500 កាលពីឆ្នាំមុន ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ V8 មានកម្លាំង ៤៧២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងក្រោយ។ ដោយឡែក ចំពោះ IS F វិញ វាអាចនឹងមានកម្លាំងខ្លាំងជាងនេះប្រហែល ២០សេះ ប៉ុន្តែនៅតែប្រើម៉ាស៊ីនចំណុះ ៥,០លីត្រដដែល។

សូមបញ្ជាក់ផងដែរថា រថយន្ត Lexus IS F ដំបូងបង្អស់ បានបង្ហាញខ្លួននៅក្នុងឆ្នាំ២០០៧ ហើយវារត់នៅបានប៉ុន្មានឆ្នាំដែរ មុនពេល Lexus សម្រេចចិត្តឈប់ផលិតវា។ នៅពេលនោះ IS F ប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំង ៤១៦សេះ ជាមួយនឹងប្រព័ន្ធ two-stage intake system។

មិនតែប៉ុណ្ណោះ ប្រព័ន្ធ engine oil system និង transmission របស់រថយន្តនេះត្រូវបានឌីហ្សាញឡើង សម្រាប់ការបើកបរផ្លូវកោងល្បឿនលឿន ហើយវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤វិនាទីប៉ុណ្ណោះ ពេលទើបចេញថ្មី។

យ៉ាងណាមិញ រថយន្ត Lexus IS F ថ្មី ទំនងជានឹងបង្ហាញខ្លួនក្នុងប្រទេសជប៉ុន នាខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម