[ទីផ្សារបរទេស] កន្លងមកត្បិតថាមានដំណឹងលេចលឺថារថយន្ត Stinger នឹងត្រូវក្រុមហ៊ុន Kia បញ្ឈប់ការផលិត ប៉ុន្តែការលក់រថយន្តនេះនៅប្រទេសអូស្ត្រាលីឃើញថាមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។
តាមការចុះផ្សាររបស់ CarExpert បានឲ្យដឹងថា Kia Stinger លក់នៅប្រទេសអូស្ត្រាលី មានកំណើន ៥៣,៣% នៅឆ្នាំ២០២២នេះ ក្រោយពីមានការកើនឡើង ២០៣,៨% កាលពីខែមេសា។ ក្នុងនោះដែររថយន្ត Stinger GT មានចំណែកជាង ៩០% នៃចំនួនលក់សរុប ដោយសារវាគឺជារថយន្តស្ព័រ Sedan តែមួយគត់របស់ Kia ដែលមានប្រើប្រព័ន្ធបើកបរប៉ុងក្រោយ។
ជាមួយជោគជ័យនេះ Kia នៅអូស្ត្រាលី ច្បាស់ជាចង់ឲ្យរថយន្ត Stinger ចេញជាជំនាន់ថ្មី ប៉ុន្តែវាទំនងជាមិនអាចកើតមានឡើងឡើយ ដោយសារតែរថយន្តនេះមានកំណើនការលក់យឺតយ៉ាវនៅទីផ្សារដទៃ។ ដូចនៅសហរដ្ឋអាមេរិក រថយន្តនេះលក់ចេញបានប្រមាណ ១៣ ០០០គ្រឿង ក្នុងមួយឆ្នាំ ខណៈដែលនៅប្រទេសចិនលែងមានលក់តទៀតហើយ។
ដំណឹងដំបូងអំពីការបញ្ឈប់ការផលិតរថយន្ត Stinger បានលេចចេញកាលពីឆ្នាំ២០២០ និងបន្តរហូតដល់ឆ្នាំ ២០២១។ កាលពីឆ្នាំមុននេះដែរ ប្រធានផ្នែកឌីហ្សាញរបស់ Kia បានលើកឡើងថារថយន្ត EV6 អាចជាអ្នកស្នងតំណែងរបស់ Stinger ដែលធ្វើឲ្យដំណឹងនៃការបញ្ឈប់ការផលិត Stinger កាន់តែច្បាស់ការ។
តាមដំណឹងថ្មីចុងក្រោយ បានអះអាងថាការផលិតរថយន្ត Stinger នឹងត្រូវបញ្ចប់នៅត្រីមាសទីពីរនៃឆ្នាំ២០២២ ខណៈដែលប្រភពមួយចំនួនអះអាងថារថយន្តនេះនឹងបន្តមានជីវិតដល់ឆ្នាំ ២០២៣៕