[ទីផ្សារបរទេស] រថយន្ត Ford Maverick និង Hyundai Santa Cruz បាននាំឲ្យមានការពេញនិយមជាថ្មីលើរថយន្តភីកអាប់ខ្នាតតូចនៅសហរដ្ឋអាមេរិក។ រថយន្តភីកអាប់ខ្នាតតូចធ្លាប់ត្រូវបានក្រុមហ៊ុនផលិតរថយន្តបោះបង់ចោល ដោយសារការកើនឡើងនៃទំហំរថយន្ត ហើយការលេចវត្តមានរថយន្តទាំងពីរធ្វើឲ្យពលរដ្ឋអាមេរិកគិតគូរឡើងវិញលើរថយន្តប្រភេទនេះ។
ជាក់ស្ដែង រថយន្តទាំងពីរ លក់ដាច់បានច្រើនគួរឲ្យកត់សម្គាល់ ដោយ Santa Cruz ស្ថិតក្នុងចំណោមរថយន្តដែលលក់ដាច់បានលឿនជាងគេ ខណៈដែល Ford បានបញ្ឈប់ទទួលការកុម្ម៉ង់រថយន្ត Maverick កាលពីដើមឆ្នាំ ដោយសារតែមានតម្រូវការច្រើនលើសលប់ពេក។
ជាមួយគ្នានេះ ក្រុមហ៊ុន Toyota កំពុងពិចារណាប្រឡូកចូលផ្នែករថយន្តភីកអាប់ខ្នាតតូចនៅទីផ្សារសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រមូលយកប្រាក់ចំណេញពីទីផ្សារដែលកំពុងរស់ឡើងវិញមួយនេះ។
អនុប្រធាន Toyota Motor ប្រចាំអាមេរិកខាងជើង លោក Jack Hollis បាននិយាយថា នៅមានសេសសល់ចន្លោះនៅក្នុងត្រកូលរថយន្ត Toyota ដែលស្ថិតនៅខាងក្រោមរថយន្ត Tacoma។ ប៉ុន្តែសំនួរសួរថាតើ Toyota គួរបំពេញចន្លោះបែបណា?
អនុប្រធានរូបនេះបន្តថា Toyota តែងតែមើលលើទីផ្សាររថយន្តភីកអាប់ខ្នាតតូច ហើយក្រុមហ៊ុនបានបន្តសង្កេតមើលអស់ពេលជាយូរមកហើយ។
គួររំលឹកថារថយន្ត Toyota Tacoma ជំនាន់ដំបូង ត្រូវបានចាត់ថ្នាក់ថាជារថយន្តភីកអាប់ខ្នាតតូច ប៉ុន្តែវាបានផ្លាស់ទៅកាន់ភីកអាប់ខ្នាតកណ្ដាល នៅក្នុងឆ្នាំ២០០៤ ពេលដែល Toyota បង្ហាញចេញរថយន្តជំនាន់ទីពីរ៕