Subaru Crosstrek ឆ្នាំ២០២៣ ចេញម៉ូដែលពិសេសថ្មី ហើយឡើងថ្លៃជាងមុនបន្តិច

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត Crosstrek ស៊េរីឆ្នាំ២០២៣ ថ្មី ដោយមានបន្ថែមម៉ូដែលពិសេសទៀតផង ហៅថា Subaru Crosstrek Special Edition។

រថយន្ត Subaru Crosstrek Special Edition ឆ្នាំ២០២៣ នេះ មានពណ៌ពិសេស ហៅថា Desert Khaki ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ២៦ ៧៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងការតុបតែងខ្លួនបែប overland-inspired ថែមទាំងមានលេខពណ៌ខ្មៅ Crystal Black Silica លើប៉ាណាមុខ, ដៃទ្វារ, កញ្ចក់ចំហៀង និង អង់តែន ទៀតផង។ ក្រៅពីនោះ វាក៏មានបិតតែម Low Luster Black និងយ៉ាន់កង់ពណ៌ប្រផេះក្រម៉ៅ ទំហំ ១៧អ៊ីញ ដែលជាប្រភេទ Alloy ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុង វាបំពាក់ពូកពណ៌ខ្មៅ-ក្រហម ជាមួយនឹងថ្នេរដេរពណ៌ក្រហម, ដៃចង្កូតស្រោបស្បែក និង ចង្កឹះលេខស្រោបស្បែក។ រថយន្តនេះបំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ជាមួយនឹងកុងទ័រប្រភេទ multi-information display ទំហំ ៤,២អ៊ីញ។

Subaru Crosstrek Special Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥២សេះ និងកម្លាំងរមួល ១៩៦ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ Lineartronic CVT និងប៉ុងពីរ symmetrical all-wheel drive system មកស្តង់ដារតែម្តង។

ក្រៅពីនោះ ម៉ូដែល Crosstrek ធម្មតា មានតម្លៃចាប់ពី ២៣ ៦៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្រៅពីជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រខាងលើ វាក៏មានជម្រើសម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៨២សេះ និងកម្លាំងរមួល ២៣៨ញ៉ូតុនម៉ែត្រផងដែរ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី២ ព្រមទាំងកញ្ចប់អាគុយទំហំ ៨,៨គីឡូវ៉ាត់ម៉ោង ដែលធ្វើឲ្យ Crosstrek Hybrid អាចបង្កើតកម្លាំងបាន ១៤៨សេះ និងផ្តល់ចម្ងាយបើកបរ ២៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម