[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser របស់រថយន្ត Hyundai Ioniq 6 ដែលជារថយន្តអគ្គិសនីប្រណិតដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Tesla Model 3 ព្រមទាំងរថយន្ត Porsche Taycan និង Audi e-tron គ្រោងនឹងមកដល់ក្នុងប៉ុន្មានខែខាងមុខនេះ។
តាមរូបភាព Teaser បង្ហាញពីការរចនាដែលបង្កប់នៅក្នុង DNA នៃ Prophecy Concept ដែលបានបង្ហាញក្នុងខែមីនា ឆ្នាំ ២០២០ ដោយបង្ហាញពី ថាសកង់ទំហំធំ និងកាង spoiler ខាងក្រោយរចនាបែប duck-tail។ បន្ថែមពីនេះ ព័ត៌មានលម្អិតនៃការរចនាផ្នែកខាងក្រៅសំខាន់ៗផ្សេងទៀតនៃ Ioniq 6 គឺចង្កៀងមុខ និងចង្កៀងខាងក្រោយដែលមានភីកសែលស្រដៀងទៅនឹង Ioniq 5 និង Staria ថ្មីជាដើម។
ជាមួយគ្នានេះ Hyundai Ioniq 6 ដែលជារថយន្តអគ្គិសនីថ្មីប្រើប្រាស់នៅគ្រោងឆ្អឹង Hyundai E-GMP platform ដើម្បីគាំទ្ររថយន្តអគ្គិសនីជាពិសេសដូចគ្នាដែលប្រើជាមួយរថយន្ត Ioniq 5, Kia EV6 និង Genesis GV60 ។
ក្រុមហ៊ុន Hyundai គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ៣ តាមរយៈម៉ូដែលរបស់ Ioniq របស់ខ្លួនក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដោយបីដំបូងគឺ Ioniq 5, 6 និង 7 ជាមួយនឹងលេខគូសម្រាប់រថយន្តប្រភេទ sedan និងលេខសេសសម្រាប់រថយន្តប្រភេទផ្សេង៕