ប្លែកភ្នែកអស់ស្ទះ! ឡានវ៉ែនអ៉ីដ្រូហ្សែនរបស់ GAC រូបរាងដូចមកពីអនាគត

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តចិន GAC បានបង្ហាញចេញរថយន្ត Concept ថ្មីនៅប្រទេសចិនឈ្មោះថា Space Concept ដែលជារថយន្តវ៉ែន ប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនមានរូបរាងដូចជារថយន្តមកពីអនាគតយ៉ាងអ៉ីចឹង។

រូបរាងខាងក្រៅរបស់រថយន្ត Space Concept នេះបានប្រើប្រាស់ការឌីហ្សាញបែបជ្រែកខ្យល់ (aerodynamic) ដោយ​មាន​យ៉ាន់កង់ដែលមានអង្កត់ផ្ចិតធំ ហើយផ្នែកខាងមុខគ្របដណ្ដប់ដោយផ្ទាំងប៉ាណាទំហំធំ ដែលក្រុមហ៊ុន​ឲ្យឈ្មោះថា​ជា​ទឹកធ្លាក់​មាន​ពន្លឺ។ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅមួយចំហៀងនៃរថយន្តនេះមានបំពាក់ទ្វារបើកធម្មតា ខណៈដែលមួយចំហៀងទៀតមានទ្វារដែលបើកឡើងលើ ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុងការចូលទៅក្នុងរថយន្ត។ កាប៊ីនរថយន្តបានឌីហ្សាញជាលក្ខណៈរថយន្តអគ្គិសនី ដោយសារតែ Space Concept នេះ​មាន​ប្រព័ន្ធបើកបរស្វ័យប្រវត្តិ Level 4។

នៅផ្នែកខាងក្នុងនេះមានតាបឡូដែលមានបង្កប់ដោយអេក្រង់ចំនួនបី មាន​ចង្កូតជាប្រភេទ Yoke ហើយ​មាន​កៅអី​ជួរ​ខាងមុខមាន​ចំនួនពីរដែលអាចបង្វិលចុះឡើងបាន អមជាមួយ​សាឡុងរាងអក្សរ L ដែលប្រើជាកៅអីអង្គុយជួរទីពីរ។

GAC មិនបានបង្ហាញព័ត៌មានបច្ចេកទេសអំពីរថយន្តនេះទេ គ្រាន់តែប្រាប់ថាវាមានប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែន។ យ៉ាងណាក្ដី Autocar បានរាយការណ៍ថា​រថយន្តនេះប្រើម៉ាស៊ីន ១,៥លីត្រ ដែលប្រើថាមពល​អ៉ីដ្រូហ្សែន​ជា​ឥន្ធនៈ គឺស្រដៀងនឹង​អ្វីដែល Toyota បានសាក​ល្បងដែរ។

រថយន្ត Space Concept នេះបានបង្ហាញវត្តមានក្នុងអំឡុងព្រឹត្តិការណ៍ GAC Tech Day ឆ្នាំ២០២២ ដោយរថយន្ត Concept នេះមិនមានគោលដៅថានឹងផលិតលក់នោះទេ ប៉ុន្តែមុខងារឌីហ្សាញមួយចំនួនអាចនឹងប្រើប្រាស់លើរថយន្ត​ថ្ងៃ​អនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម