ឡាន Cadillac Escalade-V មួយគ្រឿងដំបូងបង្អស់ លក់ដេញថ្លៃបានកន្លះលានដុល្លារ

Cadillac Escalade-V គឺជារថយន្ត SUV ខ្នាតធំមានកម្លាំងខ្លាំងបំផុតនៅលើពិភពលោក ដែលប្រាកដជាត្រូវចិត្តសម្រាប់អ្នកចូលចិត្តលេងល្បឿន។

រថយន្ត SUV កៅអី ៣ជួរនេះ ត្រូវបានដាក់បង្ហាញកាលពីខែឧសភា ជាមួយនឹងម៉ាស៊ីនផលិតដោយដៃ (handbuilt) ចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំងសរុប ៦៨២សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Cadillac អះអាងថា Escalade-V អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤វិនាទីប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ រថយន្ត Cadillac Escalade-V ស៊េរីឆ្នាំ២០២៣ មួយគ្រឿងដំបូងបង្អស់ ត្រូវបានដាក់លក់ដេញថ្លៃ បានចំនួនជាងកន្លះលានដុល្លារឯណោះ។ ទោះជាយ៉ាងណា លុយនោះនឹងត្រូវបរិច្ចាគដើម្បីជួយសិស្សឲ្យបង្កើនចំណេះដឹង និងជំនាញរបស់ពួកគេតាមរយៈ “កម្មវិធីសិក្សាដែលពឹងផ្អែកខ្លាំងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ជីវិតពិត ទាក់ទងនឹងមុខវិជ្ជារបស់ពួកគេ”។

ក្រៅពីមានម៉ាស៊ីនខ្លាំងហើយ Escalade-V ក៏​មាន​បំពាក់​កាងមុខដែលអង់អាច និងមានប្រព័ន្ធបំពង់ស៊ីមាំង​ចំនួន​បួន ហើយ​មាន​ប្រើ​យ៉ាន់​អាលុយមីញ៉ូមទំហំ ២២អ៉ីញ ដែល​អម​ដោយ​ដុំ​ហ្វ្រាំង​កម្លាំង​ខ្លាំង Edge Red ផងដែរ។ រថយន្ត SUV នេះ​ក៏​មាន​នូវ​បូម​ខ្យល់ និងមានមុខងារ Magnetic Ride Control 4.0 ដ៏ទំនើបទៀតផង។

នៅផ្នែកខាងក្នុង​មាន​បំពាក់ឈើប្រភេទ Zebra និងអេក្រង់ OLED រាងកោង ដែល​សរុបតំបន់អេក្រង់ចូលគ្នាគឺមាន​ទំហំរហូត​ដល់ ៣៨អ៉ីញ ហើយមានទៅដោយប្រព័ន្ធសំឡេង AKG Studio Reference ដែលមាន​រន្ធ​បំពងសំឡេង​ចំនួន​៣៦។

យ៉ាងណាមិញ ​រថយន្ត​ Escalade-V គ្រឿងក្រោយៗទៀត នឹងមាន​តម្លៃ​ចាប់ពី ១៤៩ ៩៩០​ដុល្លារ ជារថយន្ត Cadillac ដែល​មានតម្លៃខ្ពស់ជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម