[ទីផ្សារបរទេស] ការផ្ដោតលើអាជីវកម្មរថយន្តអគ្គិសនីរបស់ Ford កំពុងតែឆ្ពោះទៅមុខយ៉ាងខ្លាំងក្លា ហើយកាលពីខែមិថុនា ក្រុមហ៊ុនអាចលក់រថយន្តអគ្គិសនីបានសរុប ៤ ៣៥៣គ្រឿង នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលជាការកើនឡើង ៧៦,៦% បើធៀបនឹងខែមិថុនា ឆ្នាំ២០២១។
Ford ទើបតែបានលើកឡើងផងដែរថាខ្លួនកំពុងស្ថិតលើគោលដៅដើម្បីសម្រេចឲ្យបានការផលិតរថយន្តអគ្គិសនីចំនួន ៦០ម៉ឺនគ្រឿង នៅត្រឹមចុងឆ្នាំ២០២៣ ដោយក្រុមហ៊ុនបានសម្រេចលើកិច្ចព្រមព្រៀងជាមួយដៃគូផ្គត់ផ្គង់អាគុយ និងដៃគូសំខាន់ៗជាច្រើនទៀត។ នេះមានន័យថា Ford នឹងអាចលក់រថយន្តអគ្គិសនីបានដល់ ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០២៣ខាងមុខ។
ក្នុងចំណោមនោះដែរ Ford រំពឹងថារថយន្ត Mustang Mach-E នឹងមានចំណែក ២៧ម៉ឺនគ្រឿង, រថយន្ត F-150 Lightning នឹងមានចំណែក ១៥ម៉ឺនគ្រឿង, រថយន្ត Transit EV នឹងមានចំណែក ១៥ម៉ឺនគ្រឿង ខណៈដែល ៣ម៉ឺនគ្រឿងទៀតគឺជារថយន្ត SUV ថ្មីសន្លាងដែលផលិតសម្រាប់អឺរ៉ុប។
ក្រោយឆ្នាំ២០២៣ ចំនួនរថយន្តអគ្គិសនីរបស់ Ford នឹងបន្តកើនឡើង ជាមួយចំនួនលក់ជាប្រចាំឆ្នាំលក្ខណៈសកលលោកដល់ជាង ២លានគ្រឿងក្នុងមួយឆ្នាំ ដែលចង់សម្រេចឲ្យបានត្រឹមចុងឆ្នាំ ២០២៦។ ទាក់ទងនឹងតួលេខនេះ Ford និយាយថាខ្លួនមានប្រភពផ្គត់ផ្គង់អាគុយចំនួន ៧០% រួចស្រាប់ទៅហើយ ដើម្បីសម្រេចបានគោលដៅនេះ៕