[ទីផ្សារបរទេស] នាថ្ងៃទី៩ ខែសីហានេះ Toyota នៅប្រទេសថៃបានប្រកាសចេញរថយន្ត Yaris Ativ ជំនាន់ថ្មី រូបរាងថ្មីជាផ្លូវការ ដោយរថយន្តនេះមានឈ្មោះថា Vios នៅទីផ្សារមួយចំនួន ដូចជានៅប្រទេសវៀតណាមជាដើម។
រថយន្តជំនាន់ថ្មីនេះបានប្ដូរប្រើប្រាស់ការឌីហ្សាញបែបស្ព័រ អមជាមួយការឌីហ្សាញបែបជ្រុងៗខុសពីស្រឡះពីរថយន្តជំនាន់មុន ហើយអំពូលភ្លើងមុខ/ក្រោយក៏មានរូបរាងស្ដើងជាងមុនផងដែរ។ រូបរាងថ្មីនេះហាក់ស្រដៀងនឹងរថយន្ត Corolla Altis និង Camry ជំនាន់ថ្មីដែរ។
Toyota បានបំពាក់អំពូលភ្លើង LED សុទ្ធលើរថយន្ត Yaris Ativ នេះទាំងអំពូលខាងមុខ, អំពូលឲ្យសញ្ញាខាងក្រោយ និងអំពូលស៊ីញ៉ូផងដែរ។ រថយន្តនេះដែរមានបំពាក់យ៉ាន់ស្ព័រទំហំ ១៦អ៊ីញ និងមានផ្ទាំងប៉ាណាមុខទំហំធំជាងមុន។
ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៧អ៊ីញ, មានអេក្រង់កម្សាន្តទំហំ ៩អ៊ីញ, មានមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធសំឡេង Pioneer, ភ្លើង Ambient មានសរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។
មុខងារសុវត្ថិភាពវិញក៏មានសម្បូរបែបផងដែរ រួមមានមុខងារ pre-collision warning and automatic braking, lane departure warning, lane view camera, sudden acceleration warning, cruise control with Stop&Go, cross-traffic alert horizontal when reversing និងហ្វ្រាំងដៃអេឡិចត្រូនិក ជាមួយកាមេរ៉ា ៣៦០ដឺក្រេ រួមទាំងពោងសុវត្ថិភាពចំនួន៦។
រថយន្ត Yaris Ativ ស៊េរីថ្មីដែលលក់នៅប្រទេសថៃមានជម្រើសបួនប្រភេទ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីនតែមួយដូចគ្នាមានចំណុះ ១,២លីត្រ អាចផលិតកម្លាំងបាន ៩៤សេះ, ប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរប៉ុងមុខ។
នៅប្រទេសថៃរថយន្តនេះមានតម្លៃចាប់ពីប្រមាណ ១៥ ២០០ដុល្លារ រហូតដល់ ១៩ ៦០០ដុល្លារ ដែលអាចជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Honda City, Nissan Almera និង Hyundai Accent៕