[បរទេស] រថយន្តអគ្គិសនី Toyota bZ5X ត្រូវបានរំពឹងថាអាចក្លាយជារថយន្តប្រភេទ SUV ខ្នាតធំថ្មីរបស់ម៉ាក TOYOTA ក្រោមស៊េរី bZ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota កំពុងបានបញ្ចេញរថយន្តអគ្គិសនីជាច្រើនប្រភេទជាបណ្តើរៗក្រោមស៊េរី bZ។
គួរបញ្ជាក់ផងដែរថាសម្រាប់ព័ត៌មានលម្អិតគ្រាន់តែជាការរំពឹងទុកសម្រាប់ Toyota bZ5X ប៉ុណ្ណោះ ដោយរូបរាងទាំងមូលមិនខុសពីរថយន្តអគ្គិសនី bZ4X នោះទេ ប៉ុន្តែវាមានរូបរាងបែបស្ព័រ កាន់តែទាក់ទាញជាមួយនឹងការរចនាដ៏ប្រណិត នឹងត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបានជាង ៥២២ សេះ ប្រព័ន្ធបើកបរប៉ុង២ វិលទាំងអស់ និងអាចរបើកបរបានចម្ងាយយ៉ាងហោចណាស់ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
ជាមួយគ្នានេះ Toyota នឹងផ្តល់ជូនរថយន្តអគ្គិសនីច្រើនជាង ១៥ ម៉ូដែលនៅឆ្នាំ ២០២៥ នៅលើស៊េរី bZ ហើយ Toyota មានទំនុកចិត្តថាជាង ៧០ ម៉ូដែលនឹងប្រើថាមពលអគ្គិសនី រួមទាំង BEV, PHEV ហើយយើងទំនងជាមានរថយន្តភីកអាប់ Plug-in Hybrid និងអគ្គិសនីមកដល់ឆាប់ៗនេះផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាច្រើនជាង ១៣ នៅក្នុង EUIPO (European Union Intellectual Property Office) ដែលជាការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន បង្ហាញពីចេតនានៃការជំរុញស៊េរី bZ ទៅជារថយន្តអគ្គិសនីទាំងអស់៕