ភីកអាប់អគ្គិសនី Ford F-150 Lightning វ៉ាដាច់គូប្រជែងភឹង

[ទីផ្សារបរទេស] ខណៈដែល​ក្រុមហ៊ុនផលិតរថយន្តដទៃជួបបញ្ហាជាមួយការផលិត និងការលក់ធ្លាក់​ចុះ​នោះ ក្រុមហ៊ុន Ford បែរ​ជា​កំពុងអបអរនឹងជោគជ័យនៃការលក់សម្រាប់ខែសីហា ដោយ​ក្នុងនោះ​រថយន្ត F-150 Lightning ទទួលបានការគាំទ្រ​ខ្លាំង អាចលក់ចេញបានសរុប ២ ៣៧៣គ្រឿង លើទីផ្សារអាមេរិក។

តាមការលើកឡើងរបស់ Ford រថយន្តភីកអាប់​អគ្គិសនី F-150 Lightning បាន​លក់​ដាច់​លើស​រថយន្ត Tesla Model 3, Model Y និងរថយន្ត Ram ផងដែរ។ ការលក់របស់រថយន្តនេះមានការកើនឡើង ៣០៧% ខណៈដែល​ការលក់របស់ F-150 ដែល​ប្រើសាំងក៏មានការកើនឡើង ២៥% ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីសមទ្ធិផលថ្មីនេះ ការលក់ដ៏ខ្លាំងក្លាក៏បានជួយឲ្យ Ford ឡើងដល់ចំណាត់ថ្នាក់កំពូលនៃតារាងផងដែរ ដោយបាន​ជាប់​ជា​ក្រុមហ៊ុន​លក់រថយន្តបានច្រើនជាងគេនៅអាមេរិក រយៈពេលពីរខែជាប់គ្នា។ សរុបរួម Ford អាចលក់រថយន្តបាន ១៥៨ ០៨៨​គ្រឿង ក្នុង​ខែ​សីហា។

ពិតណាស់ រថយន្តភីកអាប់មានចំណែកយ៉ាងធំក្នុងការលក់សរុប ដោយកាលពីខែសីហា មានរថយន្តភីកអាប់ចំនួន ៨៣ ៣៤៧គ្រឿង បាន​ធ្វើ​ដំណើរចេញពីហាងលក់រថយន្ត Ford។ ធៀបនឹងឆ្នាំមុន តួលេខនេះមានការកើនឡើង ១៣,២% ខណៈដែល​រថយន្ត SUV មាន​កំណើនលក់ ៤៧,៧% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម