ផ្លូវល្បឿនលឿនសាងសង់ជិតសម្រេច 100%ហើយ ចឹងមកដឹងពីតម្លៃទូទាត់មធ្យោបាយ មុនពេលបើកបរសាកល្បង ខែក្រោយនេះ

[ភ្នំពេញ] កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។

ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ឱ្យដឹងថា៖ គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ០៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។ ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kw ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។

ខាងក្រោមនេះជាតារាងកម្រៃទូទាត់លើមធ្យោបាយធ្វើដំណើរ តាមផ្លូវល្បឿនលឿនភំ្នពេញ-ក្រុងព្រះសីហនុ៖

សម្រាប់ប្រភេទ A៖  ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,០៦៤ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,០៨ ដុល្លារ ចំពោះ

  • ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០CC ឡើងទៅ។
  • រថយន្តគ្រួសារ និងរថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើសពី ៧ នាក់។
  • រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី ២តោន។

សម្រាប់ប្រភេទ B៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,១២៨ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,១៦ ដុល្លារ ចំពោះ

  • រថយន្តដឹកអ្នកដំណើរ ផ្ទុកចាប់ពី ៨ នាក់ ដល់ ១៩ នាក់។
  • រថយន្តដឹកទំនិញ ផ្ទុកចាប់ពី ២តោន ដល់ ៥តោន។

សម្រាប់ប្រភទ​ C៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,១៩២ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,២៤ ដុល្លារ ចំពោះ

  • រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់។
  • រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកចាប់ពី ៥តោន ដល់ ១០តោន។

សម្រាប់ប្រភេទ D៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,២៥៦ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,៣២ ដុល្លារ ចំពោះ

  • រថយន្តដឹកទំនិញធុនធ្ងន់​ ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន។

សម្រាប់ប្រភេទ E៖ ចាប់ពីថ្ងៃទី ១ ​ខែវិឆ្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ គិតតម្លៃ ៨០% ស្មើនឹង ០,៣២ ដុល្លារ និងចាប់ពីថ្ងៃទី ១ ​ខែតុលា ឆ្នាំ ២០២៣ តទៅគិតតម្លៃ ១០០% ស្មើនឹង ០,៤០ ដុល្លារ ចំពោះ

  • រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី ២០តោនឡើងទៅ (គិតទាំងរឹម៉ក់សណ្តោង)។

ដើម្បីជ្រាប់កាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម