GMC បិទទទួលការកម្មង់នៃភីកអាប់អគ្គិសនី GMC Hummer រហូតដល់ឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការសម្រេចចិត្តបិទការកក់ទុកទាំងអស់សម្រាប់រថយន្តភីកអាប់អគ្គិសនី GMC Hummer (EV Pickup) និង GMC Hummer (EV SUV) ដោយសារតម្រូវការដ៏ច្រើនលើសការផ្គត់ផ្គង់ នឹងធ្វើឲ្យអតិថិជនរង់ចាំយូរជាងធម្មតា ទំនងជាត្រូវរងចាំដល់ឆ្នាំ ២០២៤។

យោងតាមរបាយការណ៍ពីក្រុមហ៊ុន GMC នៅខែកក្កដាឆ្នាំ ២០២២ មានការបញ្ជាទិញជាមុនរបស់ GMC Hummer EV ជាង ៨០ ០០០ គ្រឿង ។ ទិន្នន័យ​បញ្ជាក់​ដោយ​នាយក​ទីផ្សារ GMC លោក Rich Latek ដែល​និយាយ​ទៅ​កាន់ AutoBlog នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ក្រុង​ Detroit ឆ្នាំ ២០២២ រថយន្ត​ជាង ៩០ ០០០ គ្រឿង​ត្រូវ​បានទទួលការ​កក់​ទុកមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក Mikael Farah អ្នកនាំពាក្យរបស់ GMC បាននិយាយថា “ការចាប់អារម្មណ៍បាននាំឱ្យមានការកក់ច្រើនជាង ៩០ ០០០ គ្រឿង សម្រាប់ទាំងរថយន្ត Pickup និង SUV អគ្គិសនី ពីតម្រូវការមិនគួរឲ្យជឿ និងត្រៀមខ្លួនជាស្រេចក្នុងការផលិតពេញលេញសម្រាប់រថយន្ត Hummer EV ។

ដើម្បីបង្កើនសមត្ថភាពរបស់វា GMC ត្រូវការផ្គត់ផ្គង់គ្រឿងបរិក្ខាបន្ថែម ដូចជាកោសិកាអាគុយជាដើម។ វាជាដែនកំណត់នៃផលិតភាព ទោះ​យ៉ាង​ណា​ក្រុមហ៊ុន​សន្យា​ថា​នឹង​ផលិត​បាន​ច្រើន​ជាង​ការ​គ្រោង​ទុក។

ក្រុមហ៊ុន GMC កំពុងស្ថិតក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទៅកាន់រថយន្តអគ្គិសនី។ ក្រៅ​ពី​ការ​ចេញ​លក់រថយន្តអគ្គិសនី Hummer EV ក៏​មាន​ម៉ូដែល Silverado, Blazer និង Equinox ដែលនឹងត្រូវបានដាក់បង្ហាញជាបណ្តើរៗ នាពេលអនាគតជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរ កាលពីខែមីនា ឆ្នាំ ២០២២ កន្លងទៅ បើយោងតាមលោក Aldredក្រុមហ៊ុនផលិតរថយន្ត GMC បើកធ្វើការកក់ឡើងវិញជាលើកដំបូងជាមួយតម្លៃ​ផលិត​ខ្ពស់​ជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម