[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបំបែកកំណត់ត្រាលក់ផ្ទាល់ខ្លួននៃរថយន្តដែលផលិតនៅប្រទេសចិន ដោយអាចទទួលបានកំណើននៃការលក់ប្រមាណ ៨% ធៀបនឹងកាលពីខែមុន។
របាយការណ៍ដោយសមាគមន៍យានយន្តចិនបានបញ្ជាក់ថា Tesla អាចដឹកជញ្ជូនរថយន្តបាន ៨៣ ១៣៥គ្រឿង ចេញពីរោងចក្រនៅទីក្រុងសៀងហៃ កាលពីខែកញ្ញា។
មានរថយន្ត Tesla ចំនួនពីរម៉ូដែលដែលផលិតនៅរោងចក្រសៀងហៃ គឺរថយន្ត Model 3 និង Model Y ដោយរថយន្តទាំងអស់ក្រៅពីលក់នៅទីផ្សារក្នុងស្រុក ក៏ត្រូវបាននាំចេញទៅកាន់អឺរ៉ុប និងប្រទេសអូស្ត្រាលីផងដែរ។
តួលេខខែកញ្ញានេះបានបំបែកកំណត់ត្រាចាស់ដែល Tesla សាងបានកាលពីខែមិថុនា ដោយខុសគ្នាជិត ៤ពាន់គ្រឿង។ យ៉ាងណា Tesla នៅចាញ់ប្រៀបក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខរបស់ចិន BYD ដែលលក់រថយន្តបាន ២០០ ៩៧៣គ្រឿង កាលពីខែកញ្ញា កើនឡើងប្រមាណ ១៥% ធៀបខែសីហា៕