[ទីផ្សារបរទេស] ខណៈដែលរថយន្ត Camry និង RAV4 បន្តលក់ដាច់ឥតឈប់ឈរនោះ រថយន្តអគ្គិសនីដំបូងរបស់ Toyota ម៉ូដែល bZ4X បែរជាទទួលបានលទ្ធផលមិនគាប់ប្រសើរប៉ុន្មានឡើយ ដោយកាលពីខែកញ្ញា មិនអាចលក់ចេញបានសូម្បីមួយគ្រឿង។
ផ្អែកតាមតួលេខផ្លូវការបង្ហាញថា Toyota អាចលក់រថយន្ត bZ4X បានចំនួនសូនគ្រឿងកាលពីខែកញ្ញា ជាមួយចំនួនលក់សរុបគិតត្រឹមខែកញ្ញាមាន ២៣២គ្រឿង នៅឯទីផ្សារសហរដ្ឋអាមេរិក។
រថយន្តអគ្គិសនីនេះ ជារថយន្តដំបូងនៃសែស្រឡាយរថយន្ត ‘Beyond Zero’ របស់ Toyota និងជាផ្នែកមួយនៃរថយន្តអគ្គិសនីទាំង៣០គ្រឿងដែល Toyota គ្រោងប្រកាសចេញត្រឹមឆ្នាំ២០៣០។
កាលពីពេលកន្លងទៅ រថយន្តនេះបានជួបប្រទះបញ្ហាដែលអាចរបូតកង់ក្រោមការជាន់ហ្វ្រាំងខ្លាំង ដែលបង្ខំឲ្យ Toyota ត្រូវហៅរថយន្តត្រឡប់មកវិញ និងបញ្ឈប់ការផលិតអស់រយៈពេលបីខែ ដោយការផលិតទើបចាប់ផ្ដើមឡើងវិញកាលពីដើមខែនេះប៉ុណ្ណោះ ក្រោយ Toyota អាចស្វែងរកដំណោះស្រាយបាន។
ទោះយ៉ាងណា bZ4X ត្រូវបានមើលឃើញថាជាគូប្រជែងដ៏លេចធ្លោមួយក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង។ រថយន្តនេះប្រើម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០១សេះ និងផ្ដល់ចម្ងាយបើកបរបាន ៤០៥គ.ម ជាមួយតម្លៃ ៤២ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕