[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តភីកអាប់អគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលផលិតឡើងដោយផ្អែកលើរថយន្ត Toyota Hilux ជំនាន់បច្ចុប្បន្ន ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ៦០ ឆ្នាំ របស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសប្រទេសថៃ។
រថយន្តនេះត្រូវបានគេដាក់ឈ្មោះថា Hilux Revo BEV Concept ប៉ុន្តែលក្ខណៈបច្ចេកទេសរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ អ្វីដែលអាចនិយាយបាននោះគឺថាភីកអាប់នេះផលិតឡើងដោយផ្អែកលើ Hilux ដែលដំណើរការដោយថាមពលចំហេះក្នុង ប៉ុន្តែបានឆ្លងកាត់ការកែប្រែរចនាប័ទ្មជាច្រើនដើម្បីធ្វើឲ្យវាកាន់តែលេចធ្លោ។
ការផ្លាស់ប្តូរថ្មីបំផុតនៅផ្នែកខាងមុខ ដែលក្រុមហ៊ុន Toyota បានរចនាប៉ាណាបិទជិតសម្រាប់រថយន្តភីកអាប់នេះ និងបានបំពាក់រន្ធសាកអាគុយនៅថ្ពាល់ខាងមុខផ្នែកចំហៀងអ្នកដំណើរ។
នាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍នៅក្នុងប្រទេសថៃថា៖ លោកមិនអាចបញ្ជាក់បានថារថយន្តនេះនឹងផលិតនៅពេលណានោះទេ ប៉ុន្តែលោកបានបញ្ជាក់ឡើងវិញនៅជំនឿចិត្តរបស់លោកថា Toyota អាចសម្រេចបាននៅភាពអព្យាក្រឹតនៃកាបូន ជាមួយនឹងរថយន្តកូនកាត់ Hybrid, plug-in hybrid ថាមពលអាគុយ និងកោសិកាប្រេងឥន្ធនៈ។
លោក Toyoda បានបន្ថែមថា “ដើម្បីសម្រេចបាននៅអព្យាក្រឹតភាពកាបូន យើងត្រូវចងចាំថា កាបូនគឺជាសត្រូវពិតប្រាកដ មិនមែនជាម៉ាស៊ីនថាមពលពិសេសនោះទេ ហើយនិយាយដោយត្រង់ទៅរថយន្តអគ្គិសនីមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននៅគោលដៅអព្យាក្រឹតភាពកាបូនរបស់ពិភពលោកនោះទេ។
អ្វីកាន់តែពិសេសនោះ លោកToyoda បានបន្ថែមថា យ៉ាងហោចណាស់ការអភិវឌ្ឍន៍មួយចំនួនសម្រាប់រថយន្តភីកអាប់អគ្គិសនី Hilux នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃផងដែរ។
គួរបញ្ជាក់ផងដែរ ការពិតប្រទេសថៃគឺថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលចូលចិត្តរថយន្តភីកអាប់ខ្លាំង។ ក្នុងនោះភីកអាប់ Isuzu D-Max គឺជារថយន្តថ្មីដែលលក់ដាច់បំផុតនៅក្នុងប្រទេសមួយនេះ ដោយវានាំមុខរថយន្ត Toyota Hilux, Honda City, Toyota Yaris, Ford Ranger និង Toyota Corolla ដែលមានស្រាប់៕