[បរទេស] ក្រុមសិស្សកែច្នៃរថយន្តមកពីមហាវិទ្យាល័យ Nihon Automobile College នៅក្នុងប្រទេសជប៉ុន បានយករថយន្ត Alphard ដែលប្រភទ Minivan ដ៏ពេញនិយមរបស់ Toyota កែច្នៃទៅជាភីកអាប់ដែលមានឈ្មោះថា NATS Alphard Super Dually Truck ជាមួយការត្រៀមដាក់បង្ហាញខ្លួននៅ Tokyo Auto Salon នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ។
ការកែច្នៃនេះ បានយករថយន្ត Toyota Alphard ជំនាន់ទី ៣ ដែលបានកាត់ផ្នែកខាងក្រោយចេញ ដោយជំនួយមកជាឃ្លុបវិញ ដែលបានមកពី Toyota Hilux ព្រមទាំងបានពង្រីកនៅប្រវែងគន្លាតកង់មុខ-ក្រោយវែងជាងមុន។
រចនាបថរថយន្តភីកអាប់ដ៏ប្លែកនេះ គឺបានប៉ះពាល់ដល់ទ្វាររូតខាងក្រោយរបស់ Alphard ដោយក្រុមកែច្នៃនេះបានកែច្នៃទា្វររបស់ភីកអាប់ NATS Alphard Super Dually Truck ស្រដៀងនឹង Rolls-Royce ដែរ។ ក្នុងនោះ ផ្នែកខាងក្នុងមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងទទួលបាននូវការតុបតែងជាមួយពណ៌ខៀវ។
បន្ថែមពីនេះរថយន្តភីកអាប់នេះបានទម្លាក់កម្ពស់ ជាមួយការប្រើប្រាស់ប្រព័ន្ធ Air Super Performance suspension kit នឹងបំពាក់ថាសកង់ស្ព័រទំហំ ២០ អ៊ីញប្រភេទ Work Equip E10 alloy wheel ស្រោបដោយសំបកដែលមានទំហំ 245/35ZR20 នៅខាងមុខ និង 345/25ZR20 នៅខាងក្រោយ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ របស់ Alphard ទំហំ ៤ ស៊ីឡាំង អាចផលិតបាន ១៨០ សេះ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដោយស្វ័យប្រវត្តិ៕